គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៤នាក់ បានស្លាប់ភ្លាមៗ.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែមេសា ឆ្នាំ2022 ម៉ោង 2:03 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស្ទួចមួយគ្រឿងបុករះ ម៉ូតូ និង រថយន្តមួយគ្រឿងទៀត រួចបន្តបុករះចូលផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវមិត្តភាព ចំណុចចំណោតកែងផ្លូវលេខ៨២៣ ស្ថិតក្នុងភូមិ០៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អ្នកសារព័ត៌មានថា នៅមុនពេលកើតហេតុគេបានប្រទះឃើញរថយន្តស្ទួចមួយគ្រឿង ម៉ាកHIYANDAI ពណ៌សរ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-1512 បើកបរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវលេខ៨២៣ ក្នុងគោលបំណងចុះចំណោតពីឃ្លាំងលើ ឆ្ពុះមកអូរ២ ។ លុះមកដល់ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនសុីក៏ជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងចំពេញទំហឹង ម៉ាកស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GL-7055 ជិះគ្នា២នាក់ (ស្លាប់ទាំង២នាក់) រួចបន្តទៅបុកប៉ះនិងរថយន្តមួយគ្រឿងទៀតម៉ាកសើរដេស ពណ៌ខ្មៅ ពាក់ស្លាក ភ្នំពេញ 2AS-6368 បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខយ៉ាងតំណំ និងរថយន្តមិនទាន់អស់ល្បឿនក៏បន្តបុករះចូលផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យតៃកុងរថយន្ត និងព្រូគៀបជាប់ក្នុងរថយន្តស្លាប់ភ្លាមៗ ។

តាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បណ្តាលឲ្យមនុស្សសរុបចំនួន០៤នាក់ស្លាប់ ប្រុស៣ ស្រី១ ក្នុងចំណោមមនុស្សស្លាប់ទាំង៤នាក់ខាងលើរួមមាន ភាគីខាងម៉ូតូស្លាប់២នាក់ ត្រូវជាប្តីនិងប្រពន្ធ ភាគីរថយន្តបង្ករថយន្តស្ទួច ស្លាប់២នាក់ ត្រូវជាតៃកុង និងព្រូរថយន្ត៖ ១-ឈ្មោះ ឡូ ភេទប្រុស អ្នកបើកបររថយន្តស្ទួច ២-ឈ្មោះ យុគ ភេទប្រុស ព្រូរថយន្តស្ទួច

៣-ឈ្មោះ JEAN CHARLES ភេទប្រុស ជនជាតិកាណាដា អ្នកបើកបរម៉ូតូ SCOPY៤- ឈ្មោះ ភេទស្រី ពុំស្គាល់អត្តសញ្ញាណ អ្នករួមដំណើរលើម៉ូតូ។

បច្ចុប្បន្នសមត្ថកិច្ចនគរបាលបានស្ទួចយករថយន្តចេញពីកន្លែងកើតហេតុដើម្បីយកសពចេញ និងយករថយន្តទៅរក្សាទុក រងចាំធ្វើការដោះស្រាយបន្តនៅពេលក្រោយ ចំណែកសាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅតម្កល់រក្សារទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រងចាំសាចញ្ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ (ដោយ៖ សោម ភ័ក្រត្រា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម