កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ បញ្ជូនក្មេងទំនេីង​៥នាក់​ ដែលតែងតែបង្កហិង្សា​ បង្កអសន្តិសុខដល់សង្គម​ ទៅសាលាដំបូងខេត្ត​ អនុវត្តតាមនីតិវិធី...

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី03 ខែកញ្ញា ឆ្នាំ2023 ម៉ោង 10:28 នាទី ព្រឹក

(បន្ទាយមានជ័យ)៖ ដោយទទួលបានបទបញ្ជារពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ក្រោយពីមានសកម្មភាពក្មេងទំនេីងបង្កហិង្សាកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរជអាវុធហត្ថក្រុងបានដឹកនាំកងកម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្មេងទំនេីងបានជាបន្តបន្ទាប់ចំនួន៥នាក់ ក្នុងចំណោមបក្ខពួកជាច្រេីននាក់ កាលពីវេលាម៉ោង១៤និង៣៥នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា ក្មេងទំនេីងទាំង៥នាក់  ១.ឈ្មោះ វណ្ណ វិសាល (ហៅយ៉ា) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ២.ឈ្មោះ នេត នូ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៣.ឈ្មោះ ហឿម គឹមហាវ (ហៅហួរ) ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិភ្នំកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ ៤.ឈ្មោះ សែត ប៊ុនយ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ៥.ឈ្មោះ ធូ សំណាង(ដែន) ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បន្តថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ មានករណីហិង្សាដោយចេតនា បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ មុខសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ក្រុម មានគ្នាប្រហែល១២នាក់ បានធ្វើសកម្មភាពដេញវៃ និងយកដុំថ្ម មួកសុវត្ថភាព គប់គ្នាទៅវិញទៅមកបង្កភាពអណាធិបតេយ្យ និងបង្កអសន្តិសុខនៅមូលដ្ឋាន។ ក្រោយពីទទួលបានព័ត៌មាន និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានដឹកនាំកម្លាំងមូលដ្ឋានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវភ្លាមៗ រហូតឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន០៥នាក់ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាំមកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី។ ក្នុងចំណោមក្មេងទំនេីងទាំង៥នាក់ កម្លាំងកងរាជអាវុធហត្ថបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញមានចំនួន០៤នាក់ផងដែរ។ 

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ក្មេងទំនេីងទាំង០៥នាក់ ខាងលើបានឆ្លើយបដិសេដថា ពួកខ្លួនមិនបានចូលរួមប្រព្រឹត្តសកម្មភាពកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នោះទេ គឺក្រុមOMB អូរអំបិល ជាអ្នកបង្កហិង្សា។ តែក្មេងទំនេីងខាងលើបានទទួលស្គាល់ថា កាលពីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ក្រុមរបស់ខ្លួន BTK (ក្រុមបឹងត្រកួន) រួមជាមួយក្រុម KRK(ក្រុមការ៉េមកី) និងក្រុមវិទ្យាល័យ សម្តេចឪ ពិតជាបានមានជម្លោះឈានដល់ការប្រើហិង្សាគប់ទៅលើ ក្រុមOMB (ក្រុមអូរអំបិល) ដែលជាគូជម្លោះពិតប្រាកដមែន ហើយក្រុមខាងលើគឺតែងតែបង្កអសន្តិសុខក្នុងភូមិសាស្ត្រក្រុងសិរីសោភ័ណជាញឹកញាប់។ រាល់ពេលក្រុមខាងលើបង្ករបញ្ហា ក្រុមខ្លួនគឺមិនប្ដឹងសមត្ថកិច្ចនោះទេ គឺចាំសងសឹកគ្នាទៅវិញទៅមក។ 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្នជន ក្មេងទំនេីងទាំង៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅរសៀលថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី៕អត្ថបទនិងរូបភាពដោយលោក.ហ៊ីង ចាន់ថន.ខេត្តបន្ទាយមានជ័យ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម