ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ ករណីឆក់កាបូប.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:55 នាទី ល្ងាច

 

 

(ក្រុងព្រះសីហនុ)៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវកម្លាំងនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខកាស៊ីណូ ហាវជាំង ស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលព័ត៌មានអំពីហេតុការណ៍ឆក់កាបូបភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវ និងស្វែងរកតាមភិនភាគរបស់ជនសង្ស័យ រហូតប្រហែល២០នាទីក្រោយ ក៏ប្រទះឃើញជនសង្ស័យទាំង០២នាក់ កំពុងជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត1O-2739 នៅផ្លូវក្រោយស្ថានីយ៍ប្រេងកាល់តិច។

គ្រាន់តែជនសង្ស័យបានឃើញកម្លាំងសមត្ថកិច្ច ក៏ជិះម៉ូតូគេចខ្លួនយ៉ាងលឿន ហើយកម្លាំងសមត្ថកិច្ចបានដេញប្រថាត់ចាប់ប្រភីង រហូតដល់កែងផ្លូវភោជនីយ៍ដ្ឋាន មេត្រូផាប់ ស្ថិតនៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ជនសង្ស័យបានផ្តួលម៉ូតូ រត់គេចខ្លួនចូលទៅផ្លូវលំ កម្លាំងសមត្ថកិច្ចបានដេញតាមចាប់ឃាត់ខ្លួនម្នាក់ រីឯជនសង្ស័យម្នាក់ទៀតគេចខ្លួនបាត់ ខណៈជំនាញកំពុងស្រាវជ្រាវ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សួង ម៉េងលី អាយុ២១ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ហាវជាំង មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ។ សម្ភារបាត់បង់ កាបូបលុយមួយ, ទូរស័ព្ទដៃ ០១គ្រឿង ម៉ាក OPPO, លុយចំនួន ៤០,០០០រៀល, កាតធនាគារ ABA ០១សន្លឹក, សោរម៉ូតូ ០១ និងសម្ភារប្រើប្រាស់មួយចំនួន។ ដោយឡែក ជនសង្ស័យដែលចាប់ខ្លួនបានឈ្មោះ លី ប្រុសណុច អាយុ២២ឆ្នាំ។ ក្នុងនោះសមត្ថកិច្ចក៏បានដកហូតសម្ភាររបស់ជនរងគ្រោះមកវិញផងដែរ។

ជនសង្ស័យខាងលើ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងធ្វើការសាកសួរ ដើម្បីបន្តនីតិវិធីច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម