ប្រជាពលរដ្ឋក្រីក្រ២គ្រួសារ ទទួលអំណោយពីឯកឧត្តមបណ្ឌិតតាំងសំណាង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី28 ខែសីហា ឆ្នាំ2023 ម៉ោង 9:33 នាទី ព្រឹក

ខេត្តព្រះសីហនុ៖ឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានប្រតិបត្តិសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ និងអនុប្រធានសមាគមសាខា ព្រមទាំងសមាជិក សមាជិកា តំណាងឱ្យឯកឧត្តមបណ្ឌិត ឈឹម វាសនា នាព្រឹកថ្ងៃទី២៧សីហាឆ្នាំ២០២៣ បាននាំយកអំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងមានជីវភាពខ្វះខាតស្ថិតនៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

       នាឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត តាំង សំណាង ប្រធានប្រតិបត្តិសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)សាខាខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថាការនាំយកអំណោយមនុស្ស ធម៌មកក្នុងថ្ងៃនេះ គឺដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តមបណ្ឌិត ឈឹម វាសនា ប្រធានក្រុមប្រឹក្សាភិបាលសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) ហើយជាមួយគ្នានោះឯកឧត្តមបណ្ឌិត តាំង សំណាង ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីអាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តមបណ្ឌិត ឈឹម វាសនា ដែលជានិច្ចកាលតែងតែគិតគូសុខទុក្ខ ពីបងប្អូនប្រជាពលរដ្ឋក្រីក្រ និងមានទុក្ខលំបាក ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ ព្រមទាំងមានការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្នុងការជួយដល់សង្គមជាតិទៀតផង ដោយទាំងអស់នេះហើយបានឆ្លុះបញ្ចាំងឱ្យឃើញថាជាការចូលរួមចំណែកមួយក្នុងនាមខ្មែរតែមួយ។

           សូមបញ្ជាក់ផងដែរថាអំណោយរបស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ ដែលបានផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ មួយបាវស្មើនឹង ៥០គីឡូក្រាម, មី ១កេះ, ទឹកសុទ្ធ ១កេះ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១យួរ, ប្រេងឆា ១ដបធំ និងថវិកា ៥៤០០០រៀលផងដែរ។ ឆ្លៀតក្នុងឱកាសនោះផងដែរលោក សោម កន មេឃុំបឹងតាព្រហ្ម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដោយតាំងនាមតំណាងឱ្យបងប្អូនប្រជាពលរដ្ឋ ដែលពួកគាត់កំពុងមានការខ្វះខាតដោយត្រូវការអំណោយពីសប្បុរសធម៌។ ហេតុដូចនេះហើយបន្ទាប់ពីសមា.គមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) សាខាខេត្តព្រះសីហនុ បាននាំយកអំណោយមនុស្សធម៌របស់សមាគម ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងតម្រូវការនៅស្បៀងអាហារ និងសម្ភារៈដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃ ហើយក្នុងនាមលោកជាមេឃុំ ព្រមទាំងក្រុមគ្រួសារ សូមជូនពរ និងបួងសួងដល់វត្ថុសាកសិទ្ធជួយតាមបីបាច់ថែរក្សាសមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤) ជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ បន្ទាប់ពីឯកឧត្តមបណ្ឌិត តាំង សំណាង និងសមាជិក សមាជិកា របស់សមាគមយុវជនទិសអាគ្នេយ៍(ក្រុម៥៤)បានចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរួចរាល់ ក៏បានអញ្ជើញទៅសួរសុខទុក្ខលោកវេជ្ជបណ្ឌិត ហុង ដារ៉ា មានជំងឺប្រចាំកាយកំពុងតែសម្រាកព្យាបាលប្រចាំថ្ងៃផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម