សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល៩ខែ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២២...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 4:10 នាទី ល្ងាច

ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានរយៈពេល៩ខែ និងលើកទិសដៅការងារបន្ត របស់សាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២២។ 

ក្នុងកិច្ចប្រជុំនោះធ្វើឡើងនៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី សំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានសមាជិកគណៈកម្មាធិការសាខាកាកាកបាទក្រហមខេត្ត នាយក-នាយករងសាខាខេត្ត ប្រធាន-អនុប្រធាន អនុសាខាស្រុក/ក្រុង និងអ្នកពាក់ព័ន្ធ ។

 ក្នុងឳកាសនោះ លោក វង វ៉ាន់នី នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានឡើងធ្វើបទបង្ហាញស្តីពីលទ្ធផលការងារ រយៈពេល៩ខែ ដើមឆ្នាំ២០២២ របស់សាខា បន្ទាប់មករបាយការណ៍ស្តីពីចំណូល ចំណាយហិរញ្ញវត្ថុរបស់សាខារយៈពេល៣ត្រីមាសដោយលោក ហ៊ឹម ហ៊ុន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

 ថ្លែងនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្ត បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាង សកម្ម ធ្វើជាសេនាធិការអោយគណៈកម្មាធិការសាខា ក្នុងការដឹកនាំជំរុញធ្វើអោយវិស័យស្នូលទាំង៤ របស់សាខាកាកបាទក្រហមខេត្ត រយៈពេល៩ខែដើមឆ្នាំនេះ សម្រេចបានលទ្ធផលគួរជាទីមោទនៈ ពិសេសការផ្តល់ជំនួយសង្រ្គោះផ្តល់អំណោយមនុស្សធម៌ជូនជនរងគ្រោះដោយមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះដែលខ្វះខាតជីវភាពបានទាន់ពេលវេលា ។

 ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំអំពីវិធានការមួយចំនួនសម្រាប់អនុវត្តបន្ត រយៈពេល៣ខែចុងឆ្នាំនេះ ពិសេសត្រូវយកចិត្តទុកដាក់បន្តការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោករួមជាមួយការទប់ស្កាត់ការឆ្លងជំងឺនានាអោយបានជាប្រចាំ និងការពង្រឹងរបៀបរបបធ្វើការងារ ពង្រឹងរចនាសម្ព័ន្ធចាត់តាំងកាកបាទក្រហមកម្ពុជា តាមអនុសាខា ក្រុង ស្រុក ឃុំ សង្កាត់ ការត្រៀមគ្រប់កម្លាំង មធ្យោបាយ ស្បៀង សម្ភារ និងថវិកាដើម្បីម្ចាស់ការអន្តរាគមន៍ផ្តល់ជំនួយសង្រ្គោះបន្ទាន់បានទាន់ពេលវេលា ពេលមានគ្រោះមហន្តរាយកើតឡើងភ្លាមៗ ពិសេសគ្រោះធម្មជាតិផ្សេងៗ និងរៀបចំផែនការសកម្មភាពសម្រាប់សាខាអនុវត្តក្នុងឆ្នាំ២០២២ អោយមានតម្លាភាពប្រសិទ្ធភាពនិងប្រសិទ្ធិផលខ្ពស់ ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម