អភិបាលខេត្តចែកអង្ករដល់ពលរដ្ឋ៤០០គ្រួសារក្នុងស្រុកត្បូងឃ្មុំ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី07 ខែឩសភា ឆ្នាំ2021 ម៉ោង 2:30 នាទី ល្ងាច


ខេត្តត្បូងឃ្មុំៈអភិបាលខេត្តត្បូងឃ្មុំ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ចំនួន ៤០០គ្រួសារ ក្នុងឃុំចំនួន៤ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ នៅបរិវេណសាលាឃុំពាមជីលាំង ។


ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលតែងគិតគូរនិងបានចែករំលែកអង្ករជំនួយសង្គ្រោះបន្ទាន់ជូនជនរងគ្រោះក្នុងខេត្តត្បូងឃ្មុំ ដែលពិតជាបានរួមចំណែកដោះស្រាយការលំបាករបស់គាត់បានមួយចំណែក ។ នេះជាការគិតគូររបស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខនិងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ស្របតាមមគ្គុទ្ទេសន៍ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទីណាមានការលំបាក ទីនោះមានវត្តមានថ្នាក់ដឹកនាំ ចុះដោះស្រាយ មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ ដោយអត់បាយនោះទេ។ ពីរថ្ងៃមកនេះ ភ្លៀងធ្លាក់ខ្លាំងរួមជាមួយខ្យល់កន្ត្រាក់ ធ្វើឲ្យផ្ទះ លំនៅដ្ឋានបងប្អូនយើងប្រមាណជាង ៨០កន្លែងរងការខូចខាត ហើយទាំងក្រុមការងារថ្នាក់ជាតិនិងរដ្ឋបាលមូលដ្ឋាន បាននិងកំពុងចុះពិនិត្យ សួរសុខទុក្ខ និងនាំយកសម្ភារៈសង្គ្រោះបន្ទាន់ចែកជូនបងប្អូនជនរងគ្រោះជាបន្ទាន់ហើយ ។ ប៉ុន្មានខែខាងមុខ ភូមិសាស្ត្រស្រុកយើងតែងទទួលរបបទឹកទន្លេមេគង្គជន់លិច ក៏យើងត្រូវត្រៀមលក្ខណៈបង្ការនិងសង្គ្រោះ ជូនប្រជាពលរដ្ឋផងដែរ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានណែនាំឲ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយរដ្ឋបាលស្រុក ផ្សព្វផ្សាយជំរុញបងប្អូនឲ្យប្រជាពលរដ្ឋ ដាំបន្លែឲ្យបានច្រើន ដើម្បីបំពេញតម្រូវទីផ្សារដែលកំពុងខ្វះខាត ជាពិសេសបន្លែសុវត្ថិភាព ។ ក្នុងនោះ ត្រូវរៀបចំការធ្វើបង្ហាញពីបច្ចេកទេសដាំដុះ ឲ្យបាន ៣កន្លែងក្នុងមួយឃុំ ដើម្បីជាគំរូសម្រាប់កសិករដទៃទៀតយកទៅអនុវត្តតាម ។ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានដាក់ចេញផែនការរួមចំណែកជំរុញផលិតកម្មបន្លែនៅគ្រប់ស្រុក ក្រុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីនាំយកទៅលក់នៅរាជធានីភ្នំពេញ កាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស ។
ដោយស្ថិតក្នុងវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ អង្ករ ត្រូវបានផ្តល់ជូនជនរងគ្រោះ តាមរយៈលោកមេឃុំ មេភូមិ ហើយសូមលោកមេឃុំ មេភូមិ យកអង្ករនេះ ទៅប្រគល់ជូនគាត់ដោយផ្ទាល់ដៃ តាមបញ្ជីដែលមានស្រាប់ ។
ពាក់ព័ន្ធជំងឺកូវីដ ១៩ បានសំណូមពរចូលរួមជាមួយរាជរដ្ឋាភិបាល អនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នេះ ។ សម្រាប់ អង្ករដែលត្រូវចែកជូនស្រុកត្បូងឃ្មុំមានចំនួន១២តោន ហើយក្នុង១គ្រួសារនឹងទទួលបានអង្ករ៣០គីឡូក្រាម សរុបចំនួន៤០០គ្រួសារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម