អភិបាលខេត្តព្រះសីហនុកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ទាំងក្រៅបរិវេណផ្សារ និងក្នុងផ្សារ ដោយរៀបចំសណ្តាប់ធ្នាប់បានល្អ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែឩសភា ឆ្នាំ2022 ម៉ោង 6:55 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ។

នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងការកោតសរសើរចំពោះអ្នកគ្រប់គ្រងផ្សារលើដែលបានខិតខំរៀបចំកែលម្អសោភ័ណភាព ទាំងក្រៅបរិវេណផ្សារ និងក្នុងផ្សារ ដោយរៀបចំសណ្តាប់ធ្នាប់បានល្អ ហើយការលក់ដូរមានអនាម័យ និងមានគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ ទោះបីបច្ចុប្បន្នស្ថានភាពបានល្អប្រសើរហើយក៏ដោយ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថាការចុះពិនិត្យស្ថានភាពនៃការលក់ដូររបស់បងប្អូនអាជីវករនៅក្នុងផ្សារលើនាពេលនេះ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងការប្រកបរបរទទួលទានរបស់បងប្អូនអាជីវកររបស់យើង បន្ទាប់ពីដាក់ដំណើរការទីផ្សារឡើងវិញ ព្រោះកន្លងមកទាំងផ្សារលើ ក៏ដូចជាផ្សារនានាត្រូវបានបិទខ្ទប់ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានជូនពរដល់បងប្អូនអាជីវករទាំងអស់មានសុខភាពល្អ ចៀសផុតពីជំងឺឆ្លងកូវីដ-១៩ និងរកទទួលទានមានបាន។

ជាមួយគ្នានេះឃើញថាបងប្អូនអាជីវករ បានសម្តែងការអបអរសាទរ និងសប្បាយរីករាយ នៅពេលដែលឃើញថ្នាក់ដឹកនាំបានគិតគូរអំពីសុខទុក្ខ និងការលក់ដូរប្រកបអាជីវកម្មប្រចាំថ្ងៃរបស់ពួកគាត់ ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម