ខេត្តព្រះសីហនុ នឹងរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍បង្ហាញទៅកាន់ពិភពលោក.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី07 ខែធ្នូ ឆ្នាំ2021 ម៉ោង 4:22 នាទី ល្ងាច

 

(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានត្រៀមរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុបង្ហាញទៅកាន់ពិភពលោកឱ្យបានឃើញ ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជា អ្នកវិនិយោគមកទស្សនា និងវិនិយោគនៅក្នុងខេត្តជាប់សមុទ្រមួយនេះកាន់តែច្រើនថែមទៀត។ ជាមួយនឹងការត្រៀមថតវីដេអូផ្សព្វផ្សាយនេះ អាជ្ញាធរខេត្តនេះ ក៏នឹងបង្ហាញពីគុណភាពសេវាកម្ម ព្រមទាំង ផាសុកភាព និងសុខ សុវត្ថិភាពសម្រាប់អ្នកទេសចរ និងអ្នកវិនិយោគផងដែរ។

នៅក្នុងកិច្ចប្រជុំស្ដីពីការរៀបចំថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុកាលពីថ្ងៃចន្ទ ម្សិលមិញ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការថតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តព្រះសីហនុនេះ គឺដោយសារខេត្តព្រះសីហនុ ជាខេត្តមួយដែលដើរតួនាទីសំខាន់ផ្នែកសេដ្ឋកិច្ច និងទេសចរណ៍។ ដូច្នេះ ត្រូវរួមគ្នាបង្ហាញពីសក្តានុពល និងគោលដៅទេសចរណ៍របស់ខេត្តដល់ភ្ញៀវទេសចរតាមរយៈស្បតវីដេអូខ្លីនៃពីសក្តានុពលដ៏សម្បូរបែបរបស់ខេត្តទាំងនៅលើគោក និងធនធានធម្មជាតិបាតសមុទ្រ ដូចជា ផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រជាដើម។ ទន្ទឹមនឹងនេះ ក៏ត្រូវមានការចូលរួមពីវិស័យឯកជនដែលបម្រើការងារក្នុងវិស័យទេសចរណ៍ថែមទៀត។

ឯកឧត្តម អភិបាលរងបានបន្តថា ក្រៅពីនេះ ក៏មានការបង្ហាញពីសក្តានុពលធម្មជាតិរបស់ខេត្តព្រះសីហនុ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយប្រសិទ្ធភាព គុណភាព និងនិរន្តរភាព ដើម្បីចូលរួមចំណែកការពារ និងថែរក្សាធនធានធម្មជាតិ វប្បធម៌ និងទំនៀមទម្លាប់ ដែលជាមូលដ្ឋានបម្រើឱ្យវិស័យទេស​ចរណ៍ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោកបានបន្ថែមទៀតថា ការថតវីដេអូផ្សព្វផ្សាយនេះ ក៏នឹងរួមបញ្ចូលនូវការបង្ហាញពីការធានាលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា ពិសេស សេវាកម្មទេសចរណ៍ក្នុងខេត្តព្រះសីហនុតាមរយៈការបង្កើតប្រព័ន្ធធានាគុណភាព ដោយផ្តល់សន្តិសុខ សុវត្ថិភាព ផាសុកភាព និងបង្កើនការពេញចិត្តដល់ភ្ញៀវទេសចរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម