ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​អញ្ជើញពិ​និត្យ​វឌ្ឍនភាពនៃការសាងសង់ផ្លូវប្រវែង ៥០០ម៉ែត្រ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី23 ខែកញ្ញា ឆ្នាំ2021 ម៉ោង 7:21 នាទី ល្ងាច

ខេត្តព្រះសីហនុៈកំណាត់ផ្លូវបេតុងតភ្ជាប់ទៅកាន់វត្តលើមួយខ្សែ មានប្រវែង ៥០០ម៉ែត្រចំណាយទឹកប្រាក់សរុប ១.៥៩៥.៥១៥​.០០០រៀល ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១ នឹងដាក់អោយដំណើរការក្នុងពេលដ៏ឆាប់​ខាងមុខនេះបន្ទាប់ពីស្ថាបនារួចរាល់១០០% នេះបើយោងតាមមន្ត្រីសាលាខេត្តប្រាប់​បណ្តាញព័ត៏​មាន​ក្នុង​ឪ​កាស​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុអញ្ជើញពិនិត្យវឌ្ឍនភាពនៃ​ការសាង​សង់។

          លោក ឃាង ភារម្យ អ្នកនាមពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានអោយដឹងតាមបណ្តាញ​ទំនាក់ទំនង​សង្គម​(facebook)ថា នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ​អញ្ជើញពិនិត្យវឌ្ឍន​ភាព​នៃការសាងសង់ផ្លូវបេតុងមួយខ្សែមានប្រវែង ៥០០ម៉ែត្រ មានទីតាំងស្ថិត នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ផ្លូវបេតុងវត្តលើមួយខ្សែនេះមានប្រវែង ៥០០ម៉ែត្រ ទទឹង ១០,២៥ម៉ែត្រ កម្រាស់ ០,២០ម៉ែត្រ  លូទឹកភ្លៀងអង្កត់ផ្ចិត ០,៦០ម៉ែត្រ ស្របផ្លូវម្ខាង និងលូមូលកាត់ទទឹងផ្លូវអង្កត់ផ្ចិត ០,៨០ម៉ែត្រ ចំណាយ​ទឹកប្រាក់សរុប ១.៥៩៥.៥១៥.០០០រៀល សាងសង់ដោយក្រុមហ៊ុន អិនស៊ី គ្លូប៊ល ត្រេដ ឯ.ក ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលជាគម្រោងអភិវឌ្ឍសម្រាប់ឆ្នាំ២០២១ ។បន្ទាប់មកឯកឧត្តម​អភិបាលខេត្ត ក៏បានបន្តដំណើរអញើ្ជញទៅពិនិត្យគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែជាគម្រោងអភិវឌ្ឍឆ្នាំ២០២២ តភ្ជាប់​ពីចំណុចវត្តលើទៅស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ជាមួយនេះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស ត្រូវសាងសង់ផ្លូវឱ្យមានគុណភាព ស្របស្តង់ដារបច្ចេកទេសដើម្បីធានាការប្រើប្រាស់បានយូរអង្វែងទុកជាសម្បត្តិសាធារណ:របស់យើងទាំងអស់គ្នា ដូច្នេះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់​វង្សសម្រាប់​កូន​ចៅ​របស់​យើង​បន្តទៅមុខទៀត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម