ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពី ធ្វើសកម្មភាពលួចម៉ូតូមិនបានសម្រេច.!

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី12 ខែកញ្ញា ឆ្នាំ2021 ម៉ោង 3:34 នាទី ល្ងាច

 

(បន្ទាយមានជ័យ) បើយោងតាមការឆ្លើយបំភ្លឺរបស់ដើមបណ្ដឹងឈ្មោះ វង់ ឈុននី ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បារៀបរាប់ប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង២៣និង៣០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ខ្លួនបានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លិច ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1P-2501ចេញពីផ្ទះរបស់ខ្លួនទៅទិញឥវ៉ាន់ ពេលទៅដល់មុខហាងលក់ទំនិញមួយកន្លែងម្ដុំវត្តថ្មី ខ្លួនគេបានឈប់ហើយចតម៉ូតូនៅមុខហាងនោះ ហើយមិនបានដកកូនសោរចេញពីម៉ូតូនោះទេ បន្ទាប់មកខ្លួនគេក៏ដើរចូលទៅក្នុងហាងដើម្បីរកទិញទំនិញ ភ្លាមនោះស្រាប់តែឃើញបុរសម្នាក់បានឡើងជិះលើម៉ូតូរបស់ខ្លួន ហើយបញ្ឆេះបម្រុងជិះចេញទៅ តែរូបខ្លួនបានរត់ចេញមកទាន់ ហើយបានឃាត់បុរសម្នាក់នោះ រួចរាយការណ៍ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះ លោកបានចាត់តាំងកម្លាំងឱ្យចុះទៅដល់កន្លែងកើតហេតុ ហើយនាំខ្លួនបុរសនោះមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំ

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ជនសង្ស័យឈ្មោះ ហេង ថា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅមិនពិតប្រាកដក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ក្រោយពីកម្លាំងជំនាញសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាមានចេតនាលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើទៅលក់យកលុយពិតប្រាកដមែន ។តែខ្លួនគ្រាន់តែឡើងជិះម៉ូតូហើយបញ្ឆេះស្រាប់តែម្ចាស់ម៉ូតូមកទាន់ហើយទូរស័ព្ទហៅសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង

ដោយផ្អែកលើសកម្មភាពជាក់ស្ដែង និងចម្លើយសារភាពរបស់ជនសង្ស័យ និងមានសាក្សីនៅកន្លែងកើតហេតុជាច្រើនផងនោះ ទើបកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថាមុនពេលកម្លាំងចុះឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម