នគរបាលប្រឆាំងគ្រឿងញៀនបញ្ជូនខ្លួនជនសង្ស័យប្រុស/ស្រី០២នាក់ និងវត្ថុតាងថ្នាំញៀនទម្ងន់៦២០៩,៩៤ ក្រាមទៅសាលាដំបូងខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី03 ខែឩសភា ឆ្នាំ2024 ម៉ោង 7:04 នាទី ល្ងាច

(បន្ទាយមានជ័យ) ជនសង្ស័យប្រុស/ស្រី ០២នាក់ និងវត្ថុតាងថ្នាំញៀនទម្ងន់៦២០៩,៩៤ក្រាម ត្រូវបាននគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀននិងដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញ សហការជាមួយគ្រប់អធិការដ្ឋាននគរបាលស្រុក ក្រុង ធ្វើកាស៊ើបអង្កេតរស្រាជ្រាវរកបទល្មើសគ្រឿងញៀនតាមវិធានការជំនាញឲ្យដូចជាភ្លៀងរលឹម ដោយបង្រ្កាបចាប់ៀពីទ្រង់ទ្រាយតូចដល់ទ្រង់ទ្រាយធំ។

ជាលទ្ធផលនៅវេលាម៉ោង០៦និង៤០នាទីល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកបានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យ០២នាក់ ជាបន្តបន្ទាប់ ដំបូងឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឆេង លាង ភេទប្រុស អាយុ៣៩ឆ្នាំ នៅចំណុចតាមផ្លូវ សាធារណ:ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងចាប់យកវត្ថុតាង ម្សៅម៉តស ចំនួន៤កញ្ចប់ទម្ងន់ ៣៤៨៧,៩ក្រាម។

លោកឧត្តមសេនីយ៍ ស្នងការរង បន្តថា៖ក្រោយពីឃាត់ខ្លួនឈ្មោះ ឆេង លាង នៅវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃដដែលកម្លាំងយើងបានបន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀតឈ្មោះ សាន សាណា ភេទស្រី អាយុ៣៩ឆ្នាំ នៅចំណុច ការ៉ាសសាំងPTT ស្តិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចយើងរកឃើញវត្ថុតាងជញ្ជីងសម្រាប់ថ្លឹងថ្នាំចំនួន០១ ននិងរថយន្ត១គ្រឿង។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ថា៖ នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃដដែលដោយមានការសម្របសម្រួល ពីលោក ព្រះរាជអាជ្ញារង លឹម ប៊ុនសុភ័ក្រ បានឆែកឆេរបន្ទប់ពួកគេស្នាក់នៅ ស្ថិតនៅភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងសមត្ថកិច្ចបានរកឃើញ៖១/- ម្សៅក្រាមស(ខេ)ចំនួន៦ថង់តូចទម្ងន់៣០៨,៤០ក្រាម ។ ២/- ថ្នាំគ្រាប់អក្សwyចំនួន ១៩០៦១ គ្រាប់ ទម្ងន់ ១៨៥៧,៤៤ក្រាម ។ ៣/- ជញ្ជីងចំនួន០២ ។ ៤/- គ្រាប់កាំភ្លើងខ្លី៣៣គ្រាប់ ។ ៥/- លុយខ្មែរចំនួន ២៥ ០០០ ០០០ រៀល(ម្ភៃប្រាំលានរៀល)។ ៦/- លុយបាតថៃចំនួន ៤០០០០ បាត (បួនម៉ឺនបាត)សរុបសារធាតុញៀនទាំអស់ទម្ងន់៦២០៩,៩៤ ក្រាម៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម