អាជ្ញាធរក្រុងព្រះសីហនុព្រមានទុករយៈពេលតែ១០ថ្ងៃបន្ទាប់ទៀតប៉ុណ្ណោះ និងដកហូតសម្ភារៈ របស់ក្រុមអ្នកលក់ដូរចល័តលើឆ្នេរសមុទ្រដោយគ្មានសណ្តាប់ធ្នាប់.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី28 ខែមិថុនា ឆ្នាំ2022 ម៉ោង 2:36 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ខេត្តក្រុងព្រះសីហនុ ព្រមានថានឹងដកហូតសម្ភារៈពីក្រុមអ្នកលក់ដូរចល័តបែបអាណាធិបតេយ្យ បើនៅតែបើកកន្លែងហូបចុកបែបអាណាធិបតេយ្យ មិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ។

អាជ្ញាធរក្រុងព្រះសីហនុ ជម្រាបប្រាប់បងប្អូនអ្នកលក់ដូរចល័តថា ឆ្នេរសមុទ្រគឺសម្រាប់ប្រជាពលរដ្ឋទូទៅមកសម្រាកលេងកម្សាន្ត មិនមែនជាទីតាំងបើកកន្លែងហូបចុកអនាធិបតេយ្យពេញឆ្នេរបែបនេះទេ។ ដូច្នេះសូមបញ្ឈប់ការដាក់តុ ដាក់កៅអី និងដាក់ចង្ក្រានដាំស្លម្ហូបអាហារនៅលើឆ្នេរ យ៉ាងយូរត្រឹមថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះតទៅ ដើម្បីថែរក្សាបរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពឆ្នេរសមុទ្រ។

អាជ្ញាធរក្រុងព្រះសីហនុ រំពឹងថា បងប្អូនអ្នកលក់ដូរចល័តទាំងអស់ នឹងចូលរួមសហការអនុវត្តតាមការណែនាំទាំងអស់គ្នា។ ករណីនៅតែបន្តលក់ និងមិនស្ដាប់តាមការណែនាំ អាជ្ញាធរនឹងសហការជាមួយមន្ទីរពាក់ព័ន្ធ ចុះអនុវត្តវិធានការរដ្ឋបាល ចាប់យកសម្ភារៈទាំងអស់នោះ ដោយមិនប្រគល់ជូនវិញឡើយ។

សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ អាជ្ញាធរបានប្រកាសនូវសេចក្តីជូនដំណឹង តាមឧឃោសនសព្ទ នៅតាមបណ្តាទីតាំងឆ្នេរអូរឈើទាល២ និងឆ្នេរអូរត្រេះ ក្នុងខេត្តព្រះសីហនុ ជម្រាបជូនក្រុមអាជីករឱ្យទទួលជ្រាបការប្រកាសរបស់អាជ្ញាធរ ។

ក្រោយពីមានសេចក្តីប្រកាសជូនដំណឹងរបស់អាជ្ញាធររួចមក ក៏មានអ្នកលក់ដូរនៅទីនោះមួយចំនួនក៏សប្បាយសម្តែងការមិនពេញចិត្ត ព្រោះថាបើខ្លួនអត់បានលក់ដូរនៅតំបន់នេះមិនដឹងថាទៅលក់កន្លែងណា ។ ដោយឡែកអ្នកលក់ខ្លះក៏ស្ម័គ្រចិត្តធ្វើតាមអាជ្ញាធរ ដើម្បីបរិស្ថាន ទេសភាពឆ្នេរស្រស់ស្អាត មានសណ្តាប់ធ្នាប់ល្អ។

ជាចុងក្រោយពលរដ្ឋរស់ក្នុងខេត្តព្រះសីហនុ និង ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ បានសម្តែងការសប្បាយចិត្តរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់មានអារម្មណ៍ថា ពេលមានឆ្នេរសារធារណៈស្រលះល្អ គ្មានអ្នកវៀតទីចាប់កន្លែងលក់ដូរជាកម្មសិទ្ធផ្ទាល់ខ្លួនបែបនេះធ្វើឲ្យពួកគាត់ស្រួលមកលេងកំសាន្ត ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម