ខណៈអាកាសធាតុក្តៅខ្លាំង អង្គភាពសង្គ្រោះ៧១១ កងពលតូចង៧០បានចេញរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកបង្កើតជាភ្លៀងសិប្បនិម្មិត កាត់បន្ថយកម្តៅនៅសាលាបឋមសិក្សាជម្ពូវ័ន..

ព័ត៌មានសង្គមថ្ងៃសុក្រ ទី03 ខែឩសភា ឆ្នាំ2024 ម៉ោង 6:57 នាទី ល្ងាច

ភ្នំពេញ : ដោយសារកក្តាធម្មជាតិ បម្រែបម្រួលអាកាសធាតុ កម្តៅហក់ឡើងនាពេលបច្ចុប្បន្ន មិនទាន់មានភ្លៀងធ្លាក់ ក្តៅហួតហែង ប្រឈមសិស្ស លោកគ្រូអ្នកគ្រូ កំពុងរៀនសូត្រក្នុងថ្នាក់ ក្រោយមានការយកចិត្តទុកដាក់ពីលោកគ្រូនាយកសាលាបាន ស្នើសុំអង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ ឱ្យជួយបាញ់ទឹក បង្កើតជាភ្លៀងសុប្បនិម្មិត ក្នុងបរិវេណសាលា ដើម្បីកាត់បន្ថយកម្តៅ សម្រួលដល់សិស្សានុសិស្ស រៀនសូត្រក្នុងថ្នាក់ ។

ក្រោយពីទទួលបានការស្នើសុំពីលោកគ្រូនាយកសាលា អង្គភាពសង្គ្រោះ៧១១តបតាមសំណូមពរ របស់លោកគ្រូអ្នកគ្រូ សាលាបឋមសិក្សាជម្ពូវ័ន នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពសង្គ្រោះ៧១១ កងពលតូចលេខ៧០ យករថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ទៅជួយបាញ់ទឹក ដើម្បីកាត់បន្ថយកម្តៅ សម្រួលដល់សិស្សកំពុងរៀនក្នុងថ្នាក់។

យោងតាមនាយកសាលា បានឱ្យដឹងថា សាលាបឋមសិក្សាជម្ពូវ័ន មានអគារសិក្សាចំនួន១១អគារ ចែកជា៤៣បន្ទប់ថ្នាក់រៀន ហើយក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ មានសិស្សចូលរៀនចំនួន៣៤៤៨នាក់ មានគ្រូចំនួន៦៤នាក់។

ក្រោយប្រតិបត្តិការនេះលោកនាយកសាលាបានផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត ដោយថ្លែងអំណរគុណដល់អង្គភាពសង្គ្រោះ៧១១ ដែលបានចេញរថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់បរិវេណសាលាបឋមនេះ លោកនាយកបានបន្ថែមថាលោកតែងតែយកចិត្តទុកដាក់ដ៏សិស្សានុសិស្សដែលកំពុងរៀននៅក្នុងសាលាបឋមជម្ពូវ័ននេះ បើសិនជាកម្ដៅកើតឡើងលើសពី ៤២អង្សារ លោកនិងសម្រេចចិត្តផ្អាកការសិក្សារយៈពេលខ្លីផងដែរ។

ចំណែកលោកគ្រូអ្នកគ្រូ ក៏ដូចជាអាណាព្យាបាលសិស្ស បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងលោកនាយកសាលាដែលបានយកចិត្តទុកដាក់ខ្ពស់ដោយបានស្នើសុំដល់អង្គភាពសង្គ្រោះ៧១១ ដើម្បីចេញរថយន្តពន្លត់អគ្គីភ័យបាញ់ស្រោចទៅលើដំបូងសាលានិងបរិវេណសាលាទាំងមូល បន្ថែមពីនេះលោកគ្រូនិង លោកនាយកសាលាក៏ដូចជាអាណាព្យាបាល បានស្នើសុំដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរជាពិសេសអង្គភាពសង្គ្រោះ៧១១ ជួយចេញរថយន្តពន្លត់អគ្គីភ័យដើម្បីបាញ់បន្ថយកម្ដៅនៅទីនេះក្នុងមួយសប្តាហ៍ម្ដងពីព្រោះកម្ដៅនៅតែបន្តក្តៅ៕

អត្ថបទដោយ អំ ចិត


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម