លោកបណ្ឌិត គិន ភា រង់ចាំមើលអង្គការសិទ្ធិមនុស្សអន្តរជាតិ ចេញមុខថ្កោលទោសអាមេរិក អំពីហិង្សារហូតសម្លាប់មនុស្ស៤នាក់

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី09 ខែមករា ឆ្នាំ2021 ម៉ោង 7:57 នាទី ព្រឹក

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា អ្នកវិភាគនយោបាយ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងរងចាំមើលអង្គការសិទ្ធិមនុស្សអន្តរជាតិ ចេញមុខថ្កោលទោសសហរដ្ឋអាមេរិក ដែលមានប្រើប្រាស់ហិង្សារំលោភសិទ្ធិមនុស្ស រហូតសម្លាប់មនុស្ស៤នាក់ និងមានការចាប់ខ្លួនមនុស្ស៥០នាក់។

ស្ថានភាពក្រោយការបោះឆ្នោត នៅសហរដ្ឋអាមេរិកកាន់តែច្រើនឡើង ដោយក្រុមអ្នកគាំទ្រ លោកដូណាល់ ត្រាំ បានសម្រុកចូលវិមានកាពីតូល ជាវិមានរដ្ឋសភាអាមេរិក ប្រឆាំងចំពោះការរាប់សន្លឹកឆ្នោតចុងក្រោយ បណ្ដាលឱ្យមានការប៉ះទង្គិចគ្នា ស្លាប់មនុស្ស៤ នាក់ របួសជាច្រើននាក់ ព្រមទាំងមានការចាប់ខ្លួនអ្នកតវ៉ាប្រមាណ ៥០នាក់។

លោកបណ្ឌិត គិត ភា បានគូសបញ្ជាក់ថា អង្គការសង្គមស៊ីវិល និងអ្នកសិទ្ធិមនុស្សអន្តរជាតិមួយចំនួន គឺអនុវត្តស្តង់ដារសិទ្ធិមនុស្សពីរចំពោះអាមេរិក និងកម្ពុជា។

fn-2021-01-08-17-30-53-0

លោកបញ្ជាក់ថា៖ «ជាការវាយតម្លៃការអនុវត្តស្តង់ដារពីរ ដែលកើតចេញពីអង្គការសិទ្ធិមនុស្ស ឬក៏សង្គមស៊ីវិលមួយចំនួន ក៏ដូចជាអន្តរជាតិមួយចំនួន មកដល់ពេលនេះយើងឃើញពាក្យពេចន៍តិចណាស់ ដែលចេញពីមាត់ប្រទេសដែលអះអាងថា ខ្លួនឯងជាបិតាប្រជាធិបតេយ្យ ជាពិសេសពួកលោកខាងលិចយើងឃើញមានប្រទេសតែ ២ ឬ៣ប៉ុណ្ណឹងទេ ដែលបានផ្ញើ ឬក៏ពាក្យពេចន៍មួយចំនួន មានអាល្លឺម៉ង់ អង់គ្លេសជាដើម ដែលបានឃើញមានសារបរិយាខ្លះទៅលើទិដ្ឋភាពហ្នឹង!»។

«ដោយឡែកប្រទេសដទៃទៀត ជាពិសេសអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Right Watch ដែលខ្ញុំរងចាំស្តាប់ជាងគេ គឺអត់បានចេញសារអីបន្តិចបន្តួចពាក់ព័ន្ធជាមួយនឹងឧប្បហេតុដែលកើតឡើងនៅវិមានកាលពិតូល របស់សហរដ្ឋអាមេរិកទេ ហើយអង្គការសង្គមស៊ីវិល នៅស្រុកខ្មែរយើង ក៏ដូចជាអត់មានអ្នកណាបរិយាយថាម៉េចទេ ហើយអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏ដូចមិនបានដឹងរឿងហ្នឹងផង អត់មានពាក្យពេជន៍អ្វីយកមកបរិយាយ ឬសម្តែងយោបល់ដូចដែលប្រទេសតូចៗ ជាពិសេសប្រទេសកម្ពុជា នៅពេលដែលយើងខិតខំប្រឹងប្រែងរក្សានូវសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រក្សាសន្តិភាព ដែលរាជរដ្ឋាភិបាល មានវិធានការស្របច្បាប់ទៅលើជនដែលបង្កចលាចលក្នុងសង្គមទៅជាមានបញ្ចេញយោបល់ ចេញសេចក្តីថ្លែងការណ៍សព្វបែបយ៉ាង បរិហារប្រទេសកម្ពុជានេះជាស្តង់ដាររបស់ពិភពលោក»។

១

មន្ត្រីជាន់ខ្ពស់រាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលអន្តរជាតិធំៗ គឺបានធ្វើឡើងដោយមានរបៀបវារៈទាំងអស់ ដោយពួកគេធ្វើការងារនេះ ដើម្បីគោលដៅ វ៉ៃប្រហារប្រទេសតូចៗ រឿងសិទ្ធិមនុស្ស គឺគ្រាន់តែជាបេសកកម្មមួយ ប៉ុន្តែ គោលដៅសម្រាប់វាយប្រហារ ឬក៏ថ្កោលទោសប្រទេសដែលមិនស្ថិតនៅក្នុងគន្លងបន្ទាត់នយោបាយរបស់ខ្លួន ឬមិនស្ថិតនៅក្រោមរបៀបវារៈរបស់ខ្លួន គឺអង្គការសង្គមស៊ីវិលនឹងចាប់ផ្តើមធ្វើការវាយប្រហារ ហើយនេះជារឿងមួយច្បាស់មិនអាចប្រកែកបាន។

លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា «អង្គការសង្គមស៊ីវិលធំៗទាំងអស់ គឺភាគច្រើនមានប្រភពកើតចេញពីសហរដ្ឋអាមេរិកផ្ទាល់តែម្តង ដូច្នេះវាច្បាស់ហើយ គឺពួកគេធ្វើដើម្បីបម្រើនូវនយោបាយរបស់ពួកមហាអំណាចធំៗ ហើយនៅពេលដែលប្រទេសរបស់ខ្លួនកើតចេញនូវបញ្ហាធំៗ គឺមិនមានអង្គការសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិលណាមួយចេញមុខស្តីបន្ទោសខ្លួននោះទេ ដូច្នេះ ចំណុចនេះគឺជានយោបាយរបស់ពួកមហាអំណាចខិលខូចមួយចំនួន»៕

fn-2021-01-08-17-30-53-1

៣


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម