ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី22 ខែធ្នូ ឆ្នាំ2023 ម៉ោង 9:47 នាទី ល្ងាច

ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។


       នាព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៣ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាធិបតីភាព ពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ នៃខេត្តបន្ទាយមានជ័យបានចូលរួម ធ្វើឡើងនៅសាលប្រជុំធំ រដ្ឋបាលខេត្តបន្ទាយមានជ័យ។


       ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ក្រៅពីការកែទម្រង់រដ្ឋបាលសាធារណៈឱ្យមានភាពប្រសើរឡើងជាបណ្តើរៗ រដ្ឋបាលខេត្តក៏បាន ខិតខំគិតគូរអំពីកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ លូរំដោះទឹក ប្រឡាយទឹក កែលំអសោភ័ណភាព ទីក្រុង ដោយយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ដោយអនុវត្តជា ប្រចាំនូវការអប់រំផ្សព្វផ្សាយឲ្យមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ អនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទំនាស់ដីធ្លីក្រៅ ប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យជាច្រើនករណី។


       ឯកឧត្តម បានបន្តថា ដោយអនុលោមគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណតាំងពីដំណាក់កាលទី១ រហូតដល់ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងដោយផ្អែកលើ លទ្ធផលនិងបទពិសោធន៍ប្រកបដោយវឌ្ឍនភាពដ៏ប្រសើរ និងទទួលបានការគាំទ្រសាទរពីប្រជាពលរដ្ឋ។ នៅដំណាច់ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវអនុក្រឹត្យលេខ១៨ អនក្រ.បក ស្តីពី ការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ផ្តល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងនៅតាម រាជធានី ខេត្ត គឺបង្កើតអង្គភាពច្រកចេញចូលតែមួយ ឯនៅតាម ស្រុក ក្រុងគឺមានការិយាល័យច្រកចេញចូល តែមួយ និងយន្តការច្រកចេញចូលតែមួយតាមលាសាឃុំ សង្កាត់។


       ឆ្លេីយតបទៅនឹងព្រះរាជក្រឹត្យស្ដីពីការតែងតាំង លោក លៀម សុដា អភិបាលរងនៃគណៈអភិបាលខេត្តថ្មី ក៏បានប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ចឱ្យបានល្អ គោរពតាមច្បាប់រដ្ឋធម្មនុញ លិខិតបទដ្ឋានគតិយុត្តនានា ចូលរួមថែរក្សាការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារសន្តិភាព ស្ថិរភាព នយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ។ ជាពិសេសខិតខំបង្កេីតទំនាក់ទំនងល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាដេីម។


      ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្តាំផ្ញើលោក ហែម ជារិទ្ធិ ដែលរាជរដ្ឋាភិបាលមានទំនុកចិត្តធ្វើការតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តខេត្តបន្ទាយមានជ័យនាពេលនេះ ត្រូវខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបំរើសង្គមជាតិ និងប្រជាពលរដ្ឋ ត្រូវសាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលខេត្ត គណៈអភិបាលក្រុង ស្រុក ពិសេសមន្រ្តីរាជការក្រោមឱវាទ និងមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំចាត់ចែងការងារប្រចាំថ្ងៃនៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ពិសេសការអនុវត្តគោលនយោបាយបញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា គឺសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវបានថែរក្សាយ៉ាងរឹងមាំ បង្កលក្ខណៈធ្វើឱ្យជីវភាពសង្គមមានការរីកចម្រើនលើគ្រប់វិស័យប្រកបដោយភាពវិជ្ជមាន។


       គួរបញ្ជាក់ថាតាមអនុក្រឹត្យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៣ មាត្រា ១ : ផ្ទេរភារកិច្ចលោក លៀម សុដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាល ខេត្តព្រះសីហនុ ទៅជាអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ មាត្រា ២ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍៕
ព័ត៌មានទាន់ហេតុការដោយលោក៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម