ឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី16 ខែកញ្ញា ឆ្នាំ2023 ម៉ោង 2:19 នាទី ល្ងាច

(បន្ទាយមានជ័យ) រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ ព្រមទាំងផ្តល់ជូនសម្ភារជួសជុល ថែទាំផ្លូវ ផ្លាកសញ្ញាចរាចរណ៍ ជំនួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យនិងគណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួង លោកប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ធ្វើនៅបរិវេណមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីលោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការ​ និងដឹកជញ្ជូន​ ខេត្តបន្ទាយមានជ័យ បានឡេីងរាយការណ៍​ពីសមិទ្ធផលដែលសម្រេចបាន បច្ចុប្បន្នភាពការងារដែលកំពុងអនុវត្ត ទិសដៅការងារបន្ត និងសំណូមពរមួយចំនួនជាអាទិភាព ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីរួចមក។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានកិច្ចសហការការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអភិវឌ្ឍន៍ ស្ដារ សាងសង់ ជួសជុល ថែទាំហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក ស្ថានីយចម្រុះទឹកកខ្វក់ ប្រព័ន្ធបង្ហូរទឹក និងសំណង់សិល្បការ្យផ្សេងៗ និងជំរុញការផ្ដល់សេវាសាធារណៈប្រកបដោយសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពរួមគ្នា។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនអង្គពិធី​ អំពី​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ឯកឧត្តមបញ្ជាក់ថា​ ក្រសួងបានយកចិត្តទុកដាក់យ៉ាងសំខាន់ លើការអភិវឌ្ឍធនធានមនុស្ស ដើម្បីបង្កើនប្រសិទ្ធភាពការងារ​ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន​ និងការផ្តល់សេវាសាធារណៈ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងការកោតសរសេីរ និងសាទរដែលឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការកោធសរសើរចំពោះការខិតខំប្រឹងប្រែង​ របស់មន្ទីរ ក្នុងការបំពេញការងារជំនាញរបស់ខ្លួន និងបានផ្តល់អនុសាសន៍ឱ្យបន្តថែរក្សា​ ការពារសមិទ្ធផលដែលបានកសាងក្នុងអាណត្តិទី៦​ និងអាណត្តិកន្លងទៅ​ និងត្រូវ​បន្តជំរុញការធ្វេីកំណែទម្រង់​ ព្រមទាំងជំរុញការអភិវឌ្ឍ​ ប​ន្ថែមទៀតតាមការដឹកនាំ​ របស់សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕
ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម