ដើមអាកាស្យាពេញខ្នាតរាប់ពាន់គីបត្រូវបានគេដឹកជញ្ជូនចេញពីតំបន់ការពារក្បាលឆាយយ៉ាងសកម្ម...

ព័ត៌មានសង្គមថ្ងៃពុធ ទី16 ខែសីហា ឆ្នាំ2023 ម៉ោង 3:43 នាទី ល្ងាច

ដើមអាកាស្យាពេញខ្នាតរាប់ពាន់គីបត្រូវបានគេដឹកជញ្ជូនចេញពីតំបន់ការពារក្បាលឆាយយ៉ាងសកម្ម...

ខេត្តព្រះសីហនុ÷សំឡេងរណាយន្ត បានបន្លឺយ៉ាងកងរំពងរួមជាមួយរថយន្តកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេង នៅក្នុងតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំណុចលើឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ 4ឃុំអូរត្រេះស្រុកស្ទឹងហាវខេត្តព្រះសីហនុ បង្កឲ្យប្រជាពលរដ្ឋជាច្រើនបានចោទសួរតៗគ្នា តែពុំទទួលបានចម្លើយច្បាស់លាស់ណាមួយឡើយ។

       ដោយសារចម្ងល់របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកបានឃើញសកម្មភាពយ៉ាងគគ្រឹក គគ្រេងនៅក្នុងដែនសមត្ថកិច្ចការពាររបស់ក្រសួងបរិស្ថាន ក្រុមអ្នកសារព័ត៌មានមួយក្រុមបានចុះទៅដល់ទីតាំងហើយបានផ្ដិតយករូបភាពឃើញថាពិតជាមានសកម្មភាពកាត់ដើមអាកាស្យា ក្នុងដែនការពារព្រៃឈើរបស់មន្ទីរនិងក្រសួងបរិស្ថានពិតមែន។ដោយមានទាំងរណាយយន្តរាប់សិបគ្រឿងនិងរថយន្តជាច្រើនគ្រឿងបានសម្រុកដឹកចេញទៅលក់នៅលើទីផ្សារយ៉ាងសេរី ដោយឈើខ្លះបានជាក្តារបន្ទះ ជាបង្កង់ ជាផ្លាន និងខ្លះទៀតកាត់ជាកង់ជាកង់ដោយ មានខ្នាតត្រឹមត្រូវ ដោយពុំបានខ្វល់ខ្វាយពីបញ្ហាខាងក្រៅអ្វីបន្តិចសោះ។

     ឆ្លើយតបទៅហ្នឹងសំណួររបស់ក្រុមអ្នកសារព័ត៌មានយុវជនឈ្មោះដែនដែលអះអាងថាជាមេការគ្រប់គ្រងការកាប់ដើមអាកាស្យានេះបានឆ្លើយយ៉ាងខ្លីថា ពួកគេគឺជាអ្នកម៉ៅការកាប់ដើមអាកាស្យាតែប៉ុណ្ណោះ ពីព្រោះការកាប់នេះគឺមានការអនុញ្ញាតត្រឹមត្រូវ ពីស្ថាប័នពាក់ព័ន្ធ តាំងពីថ្នាក់ខេត្តដល់ថ្នាក់ក្រសួងបរិស្ថាន ។ឯចំពោះឈើដែលអារួចហើយដឹកចេញទៅខាងក្រៅនោះរឿងលក់ឬមិនលក់ឬយកទៅទីណាលោកពុំមានសិទ្ធិចាត់ចែងនឹងដឹងរឿងនោះទេ។

       ជុំវិញករណីនេះផងដែរ លោកសាមុតសុធារិទ្ធប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុបានឆ្លើយថា ចំពោះការនិយាយតៗគ្នារឿងកាត់ដើមអាកាសចានេះលោកក៏ធ្លាប់បានឬខ្លះៗដែរ ប៉ុន្តែពេលនេះដើម្បីឆ្លើយតបនិងបញ្ឈប់ការភាន់ច្រឡំ ថាខាងមន្ទីរបរិស្ថានបើកដៃឲ្យឈ្មួញកាប់ដើមកាស្យាក្នុងដែនការពារនេះលោកសូមបញ្ជាក់ថា ទីតាំងដីនេះត្រូវបានរាជរដ្ឋាភិបាលកាត់ចេញពីតំបន់ការពារច្រើនយ៉ាងក្បាលឆាយ ចំនួនជាង 27 ហិចតាដើម្បីឈូសឆាយធ្វើជាសំណង់ តម្លៃទាបសម្រាប់លក់ជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលពុំមានលំនៅដ្ឋានពិតប្រាកដ ។ដូចនេះ ដើម្បីស្ថាបនាកសាងសំណង់និងរៀបចំបើកការដ្ឋានក្រុមហ៊ុនទទួលការងារសាងសង់ បានចាប់ផ្ដើមកាប់និងឈូរឆាយដើមកាស្យានេះចេញបើពុំដូចនោះទេ យើងពុំអាចសាងសង់បាននោះឡើយ។ហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការយល់ច្រឡំតទៅទៀតទៅព្រោះអ្វីៗបើពុំមានការអនុញ្ញាតទៅតាមផ្លូវច្បាប់នោះទេក្រុមហ៊ុនដែលទទួលសិទ្ធិម៉ៅការកសាងសំណង់ ពិតជាពុំហ៊ានធ្វើអ្វីផ្ដេសផ្ដាសនោះទេ ព្រោះការកាប់បំផ្លាញព្រៃឈើគឺជាអំពើល្មើសច្បាប់។

      ប៉ុន្តែបើទោះបីជាមានការបំភ្លឺយ៉ាងក្បោះក្បាយពីលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានយ៉ាងណាក្តី ក៏មានប្រភពមិនផ្លូវការ មួយចំនួនចេញពីមន្ត្រីរាជការមូលដ្ឋានក្បែរៗនោះបានខ្សឹបខ្សៀវតៗគ្នាថា អ្វីៗនៅទីនោះពិតជាមានច្បាប់ មានការអនុញ្ញាតពីរាជរដ្ឋាភិបាលនិងក្រសួងសាម៉ី ពិតមែន តែហាក់បីដូចជាពុំមានភាពប្រក្រតីនោះទេ ព្រោះលិខិតអនុញ្ញាតឬសេចក្តីសម្រេចរបស់រដ្ឋាភិបាលនិងក្រសួងសាមីគឺធ្វើអនុប្រយោគត្រឹមតែជាង 27 ហិចតាតែប៉ុណ្ណោះ។ ប៉ុន្តែបើយោងតាមគម្រោងនៃការកាប់ ដើមអាកាស្យា គឺអាចឈានទៅដល់៤០ ឬ ៥០ ហិចតាឯណោះ ព្រោះបើយោងតាមប្រភពក្រៅផ្លូវការពីរនាក់នៅក្បែរៗ អ្នកទទួលទិញ ដើមអាកាស្យា នោះបានលួចបង្ហើបថា ពួកគេបានទទួលសិទ្ធិកាប់ដើមអាកាស្យាក្នុងទំហំដ៏ច្រើន លើសពី 50 ហិចតា។ហេតុនេះមានតែ រង់ចាំមើលទាំងអស់គ្នា ថាតើមន្ទីរ ក្រសួងសាម៉ី និងស្ថាប័នពាក់ព័ន្ធ មានចំណាត់ការបែបណា ប្រសិនបើមាន សកម្មភាពកន្ទេលធំបន្លំដេក ឬអាចហៅថា យុទ្ធសាស្ត្រ ត្រីងៀតឆ្លៀតពង ជុំវិញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលនិងក្រសួងបរិស្ថាន ចំពោះមន្ត្រីខិលខូចមួយចំនួន។  សម្រួលចេញផ្សាយដោយលោកនី វ៉ាន់នីន 087758866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម