ការងារមនុស្សធម៌ គឺបានចូលរួមចំណែកជួយដល់សង្គមជាតិ និងសារៈសំខាន់ក្នុងវិស្ស័យអប់រំ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី04 ខែកក្កដា ឆ្នាំ2023 ម៉ោង 3:31 នាទី ល្ងាច

ការងារមនុស្សធម៌ គឺបានចូលរួមចំណែកជួយដល់សង្គមជាតិ និងសារៈសំខាន់ក្នុងវិស្ស័យអប់រំ.!

ស្រុកព្រៃនប់៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូនfoodpanda បានដឹកនាំក្រុមការងារ នាំយកអំណោយមនុស្សធម៌ចែកជូនសិស្សានុសិស្សក្រីក្រចំនួន៣៥០នាក់ នៅសាលាបឋមសិក្សានិងអនុវិទ្យាល័យទួលទទឹង ដែលស្ថិតនៅភូមិទួលទទឹងទី៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


លោកគ្រូ សួស វន្នី នាយកសាលាបឋមសិក្សាទួលទទឹង បានឲ្យដឹងថា ទីតាំងសាលាគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៨-១៨៩ នៅក្នុងឆ្នាំសិក្សា២០២៣នេះ មានសិស្សសិក្សាសរុប៦៨៤នាក់ ។ ជំនួសមុខឲ្យសិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូ លោកនាយកសាលា ក៏បានសម្តែងភាពសប្បាយរីករាយនិងថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារfoodpanda ដែលបានឧបត្ថម្ភសម្ភារៈសិក្សាជូនដល់សិស្សក្រីក្រចំនួន៣៥០នាក់ សម្រាប់សិក្សារៀនសូត្រឲ្យកាន់តែពូកែជាងមុន ជាសិស្សល្អ ក្មេងល្អ កូនល្អ នៅក្នុងសង្គម ។ ជាមួយគ្នានេះផងដែរ លោកគ្រូក៏បានជូនពរឲ្យក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារfoodpanda ឲ្យរកទទួលទានមានបាន និងដើណើរទៅមុខកាន់តែល្អប្រសើរនិងមានអតិថិជនគាំទ្រច្រើនឡើង ។

លោក ឯម សុគា មេឃុំទួលទទឹង ក៏បានសម្តែងភាពសប្បាយរីករាយនិងមោទនភាពផងដែរ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន ដោយថ្ងៃនេះមានក្រុមហ៊ុនដឹកជញ្ជូនfoodpanda មើលឃើញពីការខ្វះខាតរបស់សិស្សានុសិស្សក្នុងមូលដ្ឋានរបស់ខ្លួនលោកក៏បានសម្តែងការអរគុណផងដែរ ព្រោះលោកយល់ឃើញថា ជាការពិតណាស់ក្មេងៗគឺជាទំពាំងស្នងឬស្សី ដូច្នេះនូវពេលដែលក្រុមយល់ឃើញពីសុខទុក្ខរបស់ពួកគាត់ដូចក្នុងថ្ងៃនេះបាននាំយកសម្ភារៈសិក្សាមកឧបត្ថម្ភជូនពួកគាត់ដូច្នេះគឺដូចជាការបណ្តុះលើកទឹកចិត្តជម្រុញឲ្យពួកគាត់មានស្មារតីក្នុងការខិតខំរៀនសូត្របន្ថែម ។ លោកបានបន្ថែមថា ក្នុងនាមយើងជាអ្នកមានធនធាន ការងារមនុស្សធម៌នេះគឺបានចូលរួមចំណែកជួយដល់សង្គមច្រើនណាស់ទោះបីតិចក្តីច្រើនក្តី គឺសុទ្ធសឹងតែមានសារៈសំខាន់ណាស់ក្នុងវិស្ស័យអប់រំនេះ ដែលក្រុមហ៊ុនបានមើលឃើញពីភាពខ្វះខាតក្នុងមូលដ្ឋានរបស់ខ្លួន ។

លោក ជួន គីមហាក់ ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូនfoodpanda បានឲ្យដឹងផងដែរថានេះមិនមែនជាលើកទីមួយនោះទេ ដែលបានដឹកនាំក្រុមការងារបុគ្គលិក ចុះជួយការងារសង្គមចែករំលែកក្តីស្រលាញ់ និង សម្ភារៈសិក្សាបន្តិចបន្ទួចជូនដល់សិស្សានុសិស្ស ព្រោះលោកយល់ឃើញថា នៅក្មេងៗដែលកំពុងសិក្សា នៅតាមជនបទអាចថានៅមានជីវភាពខ្វះខាត ដូចច្នេះក្នុងនាមជា ប្រធានគ្រប់គ្រងដៃគូដឹកជញ្ជូនfoodpanda គ្រាន់តែចង់ចែករំលែកបទពិសោធន៍ និងក្តីស្រលាញ់ ព្រមទាំងការលើកទឹកចិត្តបណ្តុះស្មារតីឲ្យក្មេងៗជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ ជាសរសរទ្រូងប្រទេសជាតិ ៕   អត្ថបទដោយលោកនី វ៉ាន៉នីន 087 758 866


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម