សមត្ថកិច្ចបង្ក្រាបជនជាតិចិន និងវៀតណាម៤នាក់ ក្រោយលួចនាំគ្រឿងញៀនយកទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័កនៅក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី10 ខែមិីនា ឆ្នាំ2021 ម៉ោង 12:43 នាទី ល្ងាច

(ក្រុងព្រះសីហនុ)៖ ជនសង្ស័យចំនួន៤នាក់ (ចិន៣នាក់ និងវៀតណាមម្នាក់) ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន ក្រោយពួកគេបានលួចនាំថ្នាំញៀនទៅឲ្យអ្នកកំពុងធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺកូវីដ១៩ នៅក្រុងព្រះសីហនុ។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ជនសង្ស័យ បានបង្កប់គ្រឿងញៀនជាមួយសម្ភារ នំ ផ្ញើឲ្យអ្នកធ្វើចត្តាឡឺស័កចំនួន៣ករណី។ ជនសង្ស័យមាន៤នាក់ ក្នុងនោះស្រី២នាក់ (ជនជាតិចិន៣នាក់ ស្រី១នាក់, វៀតណាម១នាក់ ស្រី)។

លោកឧត្តមសេនីយ៍ស្នងការបានបន្តថា
*ករណីទី១ បានកើតឡើងថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៥៖៣០នាទី។ នៅថ្ងៃនោះកម្លាំងប្រចាំការនៅមណ្ឌលចត្តាឡឺស័កផ្ទះបុគ្គលិក ឆាង ឆឹង នៅក្រុម២៦ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដោយបានឃាត់ខ្លួន បុរសម្នាក់ឈ្មោះ ម៉ាន់ ទីណូ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាស៊ី ដែលបានយកឥវ៉ាន់មកផ្ញើឲ្យអ្នកធ្វើចត្តាឡីស័ក ក្នុងនោះមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន១កញ្ចប់ បង្កប់ក្នុងថង់នំ។

បន្ទាប់ពីបានសារសួរ គាត់មិនបានដឹងថា នៅក្នុងថង់នំនោះមានគ្រឿងញៀនទេ ហើយគាត់សហការជាមួយសមត្ថកិច្ចបន្តទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលជាម្ចាស់ថង់នំនោះ (បង្កប់គ្រឿងញៀន) នៅចំណុចអគារបុគ្គលិកលក់នំ ស្ថិតនៅក្រុមទី៧ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ នាថ្ងៃដដែល។

ជនសង្ស័យទាំង២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ZOU WUQI អាយុ៣២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ
*ទី២៖ ឈ្មោះ LIU HUA ភេទស្រី អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។ ក្រោយការចាប់ខ្លួន កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖

*ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ៨កញ្ចប់
*ថ្នាំគ្រាប់ពណ៌ក្រហមសញ្ញា (WY)ចំនួន ២គ្រាប់
*លិខិតឆ្លងដែនចំនួន ២ក្បាល (របស់ជនសង្ស័យ)
*ទូរស័ព្ទដៃចំនួន ៤គ្រឿង
*លុយយ័នចំនួន ៧១យ័ន
*សម្ភារប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។

*ករណីទី២ កើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២១៖៣០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កាស៊ីណូជិនប៉ី២ ស្ថិតនៅសង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ខ្លួនបុរស១នាក់ឈ្មោះ ឆេន ឆូច អាយុ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរត់ PassApp បានយកឥវ៉ាន់មកផ្ញើរឲ្យអ្នកធ្វើចត្តាឡឺស័ក ក្នុងនោះមានលាក់ទុកនៅសារធាតុញៀនខុសច្បាប់ក្នុងប្រអប់នំ។

បន្ទាប់ពីបានសួរនាំ គាត់មិនបានដឹងថា ក្នុងប្រអប់នំមានថ្នាំញៀនទេ ហើយគាត់បានសហការជាមួយសមត្តកិច្ច បន្តទៅឃាត់ខ្លួនជនសង្ស័យដែលជាម្ចាស់នំ (បង្កប់គ្រឿងញៀន) នៅចំណុចសណ្ឋាគារ ជីងហ្វូយៀក ស្ថិតនៅក្រុម២០ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ នៅថ្ងៃដដែល។

ជនសង្ស័យឈ្មោះ HOANG THI MANH ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់តាមអន្តឡាញ។ ក្រោយចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖

*ម្សៅក្រាមពណ៌សរថ្លាសង្ស័យជាសារធាតុញៀនចំនួន ៤កញ្ចប់
*ថ្នាំញៀនមេតំហ្វេតាមីន (WY) ចំនួន៥គ្រាប់
*ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone8 ពណ៌ខ្មៅ
*លិខិតឆ្លងដែន ១ក្បាល (របស់ជនសង្ស័យ)។

*ករណីទី៣ បានកើតឡើងនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១២៖៤០នាទី កម្លាំងប្រចាំការនៅមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ហ័ងហ្គ័នជាយី ស្ថិតនៅក្រុមទី៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ បានឃាត់ជនសង្ស័យ១នាក់ យកឥវ៉ាន់ទៅផ្ញើឲ្យអ្នកធ្វើចត្តាឡឺស័ក ដោយមានការសង្ស័យកម្លាំងបានឆែកឆេររកឃើញសារធាតុសង្ស័យជាសារធាតុញៀន រួចបានឃាត់ខ្លួនជនសង្ស័យតែម្តង។

ជនសង្ស័យឈ្មោះ Gao Yahong ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ គ្មានលិខិតឆ្លងដែនជាប់ខ្លួន។ ក្រោយការចាប់ខ្លួនកម្លាំងនគរបាល បានដកហូតវត្ថុតាងរួមមាន៖

*ម្សៅក្រាមពណ៌ទឹកដោះគោ សង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់ (បីកញ្ចប់)
*ទូរស័ព្ទដៃ១គ្រឿង
*រថយន្ត១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម