ឃុំខ្លួន ជនត្រូវចោទ ដេវិដ ឆាណាយវ៉ា នៅពន្ធនាគារខេត្តព្រះសីហនុ ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី04 ខែឩសភា ឆ្នាំ2023 ម៉ោង 11:23 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ សាលាដំបូងខេត្តព្រះសីហនុ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ (កើតនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ មុខរបរសារព័ត៌មាន ទីកន្លែងកំណើតសង្កាត់លេខ៥ ភ្នំពេញ មានទីលំនៅមុនពេលឃាត់ខ្លួន ផ្ទះលេខ១២៦អឺ២ ផ្លូវសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ជានីតិជន កំរិតវប្បធម៌ថ្នាក់បណ្ឌិត ត្រូវបានឃុំខ្លួន នៅពន្ធនាគារខេត្តព្រះសីហនុ។   ដីកាដដែលបានបញ្ជាក់ថា ជនត្រូវចោទត្រូវ បានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបទប្រព្រឹត្តបទបរិហាកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិចំណោតរាម ឃុំចំណោតរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីអំឡុងខែមីនា ដល់ខែមេសា ឆ្នាំ២០២៣ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៩៤, មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ។   ដីកាដែលចុះហត្ថលេខានៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ដោយចៅក្រមស៊ើបសួរ ផាត់ ពៅ បានបង្គាប់៖   ១.បញ្ជាឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះ ដេវិដ ឆាណាយវ៉ា ហៅក្រៅ កូនមានវាសនា ភេទប្រុស អាយុ៥១ឆ្នាំ (កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៧២) ជនជាតិខ្មែរ (ដែលមានសាវតាជាតិដូចខាងលើ) ទៅឃុំខ្លួននៅពន្ធនាគារខេត្តព្រះសីហនុ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។   ២.បង្គាប់ឱ្យប្រធានពន្ធនាគារខេត្តព្រះសីហនុ ទទួលយកជននេះ និងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។   ៣.បង្គាប់ឱ្យគ្រប់ភ្នាក់ងារ នៃកម្លាំងសាធារណៈទាំងអស់ នៅពេលត្រូវបានបង្ហាញដីកានេះ ត្រូវសហការអនុវត្តឱ្យបានល្អ នៅក្នុងករណីចាំបាច់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម