ការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យ​កុមារ​ជ័យ​វរ្ម័ន​ទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី28 ខែឩសភា ឆ្នាំ2021 ម៉ោង 8:20 នាទី ល្ងាច

 

ខេត្តសៀមរាបៈការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់មន្ទីរពេទ្យកុ​មារ​ជ័យ​វរ្ម័នទី៧ បានរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៣ករណី ដែលជាករណីលើកដំបូង។

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនានាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ ស្ថិតក្នុង​ក្រុង​សៀម​រាប បានឲ្យដឹងថាដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង​សេច​ក្តីណែនាំផ្សេងៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងពេលនៃការឆ្លងរាត​ត្បាត​ជា​សកល​ជំងឺកូវីដ-១៩មកនោះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ បានធ្វើការរឹតបន្តឹងអ្នក​មក​រក​សេ​វា​ពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យនេះទាំងផ្នែកស្ត្រីសម្រាលកូន និងទាំងផ្នែកកុមារ និយា​យ​រួមគឺការពិនិត្យគ្រប់ៗគ្នា ប៉ុន្តែអ្វីដែលផ្ដោតជាសំខាន់នោះគឺ ស្ត្រីដែលមកសម្រាលកូន ។

លោកសាស្ត្រាចារ្យ បានឲ្យដឹងទៀតថា គ្រប់ស្ត្រីដែលមកសម្រាលកូន យើងត្រូវតែ​ធ្វើតេស្ត​ពិនិត្យជំងឺកូវីដ-១៩គ្រប់ៗគ្នា តាមរយៈឧបករណ៍ធ្វើតេស្តរហ័ស ដោយមានក្រុម​គ្រូ​ពេទ្យនិងឆ្មបរង់ចាំនៅច្រកចូល ដើម្បីពិនិត្យវាស់កំដៅ ស្រង់ទិន្នន័យ និង សាកសួរព័ត៌មាន ហើយ​ជាករណីលើកដំបូងនោះ គឺនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១នេះ មន្ទីរពេទ្យ​បាន​រក​ឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ លើគ្រួសាររបស់ស្ត្រីមានផ្ទៃពោះម្នាក់ ដែលមកសម្រាល​កូននៅមន្ទីរពេទ្យនេះ ហើយជំហានដំបូងរកឃើញវិជ្ជមានកូវីដ-១៩ លើប្តីរបស់គាត់ហើយ​បាន​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯរូបគាត់ដោយការធ្វើតេស្តលើកទី១ អវិជ្ជ​មាន​នោះ ត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនជូនគាត់បានជោគជ័យ ។

លោកនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ មានប្រសាសន៍ទៀតថា ក្នុងរយៈពេល​មួយ​សប្តាហ៍បន្ទាប់ពីការសម្រាលកូនរួច យើងបានធ្វើតេស្តលើស្ត្រីដដែលនោះ ហើយរក​ឃើញ​វិជ្ជ​មានកូវីដ-១៩ រួមទាំងកូនរបស់គាត់ផង ដូច្នេះរូបគាត់និងកូនរបស់គាត់ ត្រូវបាន​អនុ​ញ្ញាត​ឲ្យ​នៅសម្រាកព្យាបាលជំងឺកូវីដ-១៩ក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧រហូតមកដល់បច្ចុប្បន្ននេះ ។

លោកសាស្ត្រាចារ្យ យ៉ៃ ចន្ទនា  មានប្រសាសន៍ទៀតថា ប្រសិនបើ​យើងមិន​បាន​អនុ​វត្ត​ឲ្យខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាលទេនោះ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅ​ក្នុងមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ពិតជាមានច្រើនករណីដែលយើងមិនអាចសន្និដ្ឋានបាន ដូច្នេះ​ក្នុងឱកាសនេះ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប សូមចូលរួមអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣ការ​ពារ និង ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង ។

គួររំលឹកថា ក្នុងរយៈពេល ៥ ខែដើមឆ្នាំ២០២១នេះ មន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ សម្រេច​លទ្ធផលបាន ៖ ១-ផ្នែកពិគ្រោះជំងឺសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន១០១.៤៥៧នាក់ និង ២-ចំនួនចូលសម្រាកពេទ្យសរុបទាំងផ្នែកកុមារនឹងផ្នែកសម្ភព ចំនួន ២៤.៩៤៦នាក់ ហើយចំនួនសរុបទាំងអស់នេះ មានការថយចុះលើសពី៥០ភាគរយ បើប្រៀបធៀប​មុន​ឆ្នាំ២០២០ ដែលមិនទាន់កើតមានជំងឺកូវីដ-១៩   ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម