រដ្ឋបាលខេត្តត្បូងឃ្មុំ ៖ ពិព័រណ៍ការងាររបស់យុវជនឆ្នាំ ២០២២ ស្តីពី «ឧបសគ្គភាពមានការធ្វើ និងលទ្ធភាពទទួលបានធនធានសេដ្ឋកិច្ច» ក្រោមប្រធានបទ «សុវត្ថិភាព និងការងារសមរម្យ»….

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែធ្នូ ឆ្នាំ2022 ម៉ោង 1:08 នាទី ល្ងាច

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្ត បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិព័រណ៍ការងាររបស់យុវជនឆ្នាំ ២០២២ ស្តីពី «ឧបសគ្គភាពមានការធ្វើ និងលទ្ធភាពទទួលបានធនធានសេដ្ឋកិច្ច» ក្រោមប្រធានបទ «សុវត្ថិភាព និងការងារសមរម្យ» ដែលរៀបចំឡើងដោយអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ក្រោមគម្រោងលើកកម្ពស់ការអប់រំ និងការងារនៅកម្ពុជា(ស៊ីក)នៅបរិវេណមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ។

 មានមតិស្វាគមន៍នាឱកាសនោះ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានសម្តែងការថ្លែងអំណរគុណចំពោះវត្តមាននៃការអញ្ជើញចូលរួម និងបានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំជាតិដទៃទៀត ពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះការលើកកម្ពស់អភិវឌ្ឍវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងខេត្តត្បូងឃ្មុំ ។ លោកប្រធានមន្ទីរបានគូសបញ្ជាក់ថា កម្មវិធីពិព័រណ៍ការងាររបស់យុវជនឆ្នាំ២០២២ នេះ ត្រូវបានរៀបចំឡើងជាលើកទីមួយនៅក្នុងខេត្តត្បូងឃ្មុំ ដោយអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) សហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ក្រោមគម្រោងលើកកម្ពស់ការអប់រំ និងការងារនៅកម្ពុជា ក្នុងគោលបំណង ៖ ដើម្បីជួយផ្សព្វផ្សាយអំពីឱកាសការងារ ដល់យុវជនក្នុងសហគមន៍អោយបានទូលំទូលាយ ផ្តល់ឱកាសឲ្យយុវជនទទួលបាននូវព័ត៌មានទីផ្សារការងារជាក់លាក់ និងក៏ដើម្បីជួយគាំទ្រលើការផ្សព្វផ្សាយអំពីសេវាបណ្តុះបណ្តាល របស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងសេវាកម្មរបស់មជ្ឈមណ្ឌលការងារខេត្ត (Job Center) និងមណ្ឌលស៊ីក(SEEK) ដែលជាទីកន្លែងផ្តល់នូវជំនាញបច្ចេកទេស និងប្រឹក្សាលើការសិក្សា និងការងារអាជីព ក្នុងការជួយយុវជនជ្រើសរើសជំនាញដែលត្រឹមត្រូវ និងស្របតាមតម្រូវការនៃទីផ្សារការងារ និងទទួលបាននូវការងារមួយច្បាស់លាស់ ។

 ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត ក៏បានសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការរៀបចំកម្មវិធីពិព័រណ៍នេះ ដោយមានកិច្ចសហការយ៉ាងល្អ និងការរៀបចំឡើង ក្នុងគោលបំណង ផ្សព្វផ្សាយឱកាសការងារ ដល់យុវជនក្នុងសហគមន៍ ឱ្យបានទូលំទូលាយ និងព័ត៌មានទីផ្សារការងារច្បាស់លាស់ ពិសេសក្មួយៗដែលបានបោះបង់ការសិក្សានៅកម្រិតថ្នាក់អនុវិទ្យាល័យ វិទ្យាល័យ ដែលមិនទាន់មានជំនាញណាមួយច្បាស់លាស់ ហើយគ្មានលទ្ធភាពគ្រប់គ្រាន់បន្តបង់ថ្លៃនៃការសិក្សា នៅសាកលវិទ្យាល័យ ប្អូនៗក្មួយៗអាចទំនាក់ទំនងផ្ទាល់ ឬដាក់ពាក្យចូលរៀន នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តត្បូងឃ្មុំ(TVET)មណ្ឌលស៊ីក ឬស្ថាប័នសមាគមន៍ដ៏ទៃទៀត សម្រាប់ជំនាញពិតប្រាកដ ហើយទទួលបានសុវត្ថិភាព និងការងារល្អសមរម្យ ដែលជំនាញបច្ចេកទេស និងប្រឹក្សាអាជីពការងារ នឹងជួយយុវជនទទួលបានការងារមួយច្បាស់លាស់ ។

 ឯកឧត្តមអភិបាលរងខេត្ត បានមានប្រសាសន៏ថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ដែលបានសហកាគ្នាយ៉ាងល្អក្នុងអនុវត្តកម្មវិធីនេះ ដើម្បីលើកកម្ពស់ការអប់រំ និងការងារនៅកម្ពុជា ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” សម្រេចបាននូវសមិទ្ធផលជាច្រើនតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ បើទោះបីជាយើងកំពុងប្រឈមនូវវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ ក៏ក្រសួងនៅតែបន្តការជំរុញ “ការធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ” ជាបន្តបន្ទាប់ ៕

សហការី ២៧.១២.២០២២

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម