រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីអបអរសាទរខួបលើកទី១៦ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទៈ" រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព"....

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែមករា ឆ្នាំ2023 ម៉ោង 1:07 នាទី ព្រឹក

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរ ខួបលើកទី១៦ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២២ ក្រោមប្រធានបទៈ" រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ ប្រកបដោយចីរភាព" នៅសាលប្រជុំ(គ)សាលាខេត្ត។ 

 ថ្លែងមានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ ធ្នូ ឆ្នាំ២០២២ លើកទី១៦ នាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះការងារប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប និងការការពារសិទ្ធិមនុស្សនៅខេត្តត្បូងឃ្មុំ និងជាការបំផុសការយល់ដឹង យ៉ាងទូលំទូលាយ អំពីព្រឹត្តិការណ៍ ស្ថានភាព និងនិន្នាការនៃអំពើជួញដូរមនុស្ស ក្នុងការផ្សព្វផ្សាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយដៃគូពាក់ព័ន្ធជាតិនិងអន្តរជាតិនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីសុវត្ថិភាពនិងការអភិវឌ្ឍជាតិ ។ ទាំងនេះ ជាការរួមចំណែកដ៏ធំធេង ក្នុងការលើក កម្ពស់សន្តិសុខ សុវត្ថិភាពសង្គម និងសន្តិភាពជាតិ ឱ្យមានស្ថិរភាព ដើម្បីធ្វើជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍជាតិគ្រប់វិស័យ ស្របតាមគោលដៅអភិវឌ្ឍន៍ជាតិ ប្រកប ដោយចីរភាពតាមការគ្រោងទុក ។

 ឯកឧត្តមបណ្ឌិត បានផ្តល់ជូននូវអនុសាសន៍ល្អៗ ជូនដល់បងប្អូនប្រជាពលរដ្ឋនិងប្អូនៗសិស្សានុសិស្ស អំពីល្បិចកិចកលរបស់ជនខិលខូច ដែលបានប្រើប្រាស់គ្រប់រូបភាព ដើម្បីលួងលោម បោកបញ្ឆោត ក្នុងគោលបំណងជួញដូរស្រី្តភេទ និងកុមារ ពិសេសឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់ស្ថាបន័នៃកងកំលាំងទាំង៣ និងគ្រប់ស្ថាប័នពាក់ព័ន្ធរួមសហការគ្នា ជាមួយនិងអាជ្ញាធរដែនដី ដើម្បីតាមដានស្រាវជ្រាវស្វែងរកមុខសញ្ញា តាមចាប់ខ្លួនមេខ្លោងយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

 ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានកោតសសើរដល់អាជ្ញាធរដែនដី និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នា ក្នុងការទប់ស្កាត់នូវអំពើជួញដូរមនុស្ស និងរាល់បទល្មើសនានាបានទាន់ពេលវេលា និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ លើសពីនេះទៀត យើងក៏ត្រូវតែធ្វើសកម្មនេះជាប្រចាំឲ្យដូចភ្លៀងរលឹម ពីព្រោះជនទុច្ចរិត វានៅតែចាំមើលយើងដែរ ដូច្នោះយើងមិនត្រូវមានការធ្វេសប្រហែសឡើយ ។  

 ម្យ៉ាងវិញទៀត សូមបណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ រួមទាំងសិស្សនុសិស្សទាំងអស់ ចូលរួមចូលរួមផ្សព្វផ្សាយអំពើជួញដូរមនុស្សនេះបន្តទៀត ឲ្យបានទូលំទូលាយ គ្រប់ទីកន្លែង យើងត្រូវចាត់ទុកថា កិច្ចការងារនេះ ជាកិច្ចការងាររបស់យើងទាំងអស់គ្នា ដើម្បីកុំឲ្យមានអ្នកនៅចាញ់បោកមេខ្យល់បន្តទៀត ។ 

 ជាចុងក្រោយ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានផ្តល់កិត្តិយសបង្ហោះប៉ោងៗ ដើម្បីអបអរសាទរនៃទិវា១២ ធ្នូ និងទស្សនាសាច់រឿងអប់រំខ្នាតខ្លី ដែលសំដែងដោយប្អូនៗ របស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តផងដែរ ៕



ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម