លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំស្តីពី កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២…

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 4:56 នាទី ល្ងាច

ត្បូងឃ្មុំៈ កិច្ចប្រជុំស្តីពី កិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងអំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ត្រូវបានរៀបចំធ្វើឡើង នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ  អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ និងលោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត ខេត្តត្បូងឃ្មុំ ។ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីលេខាធិការដ្ឋាន អាជ្ញាធរក្រុង/ស្រុក អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងបណ្តាអង្គភាពពាក់ព័ន្ធ ផងដែរ ។

 នាឱកាសនោះ លោក ហ៊ាង សុផល បានប្រសាសន៏លើកឡើងពី សភាពការណ៍ទូទៅជុំវិញដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំសង្កាត់ និងរបាយការណ៍ស្ដីពីការបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃការចុះឈ្មោះបោះឆ្នោតបន្ថែមប្រចាំថ្ងៃ សម្រាប់ខេត្តត្បូងឃ្មុំ ដោយមានការចុះឈ្មោះថ្មី មានចំនួន ២០,៨០០ នាក់ ផ្ទេរចូលពីក្រៅឃុំ មានចំនួន ៤,៣៨៩ នាក់ ប្តូរការិយាល័យក្នុងឃុំ មានចំនួន ១,៦៤៥ នាក់ សរុបចំនួន ២៦,៨៣៤ នាក់ ។

 លោកប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត បានបន្តថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ នេះ មានគោលដៅសំខាន់ដើម្បីធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងការចុះឈ្មោះបោះឆ្នោត ការកែតម្រូវឈ្មោះឬ/និងទិន្នន័យ និងការស្រង់ឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារច្បាប់សំអាងត្រឹមត្រូវនិងច្បាស់លាស់ តាមរយៈការរៀបចំការគ្រប់គ្រង ការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពបញ្ជីបោះឆ្នោតឆ្នាំ ២០២២ ត្រូវបានអនុវត្តដោយអនុលោមតាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាដែលស្ថិតនៅជាធរមាន ដោយរយៈពេល ៥០ ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ខែតុលា និងបញ្ចប់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ ហើយក៏ជាលើកទី ៧ ផងដែរ ក្នុងការបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រ ។

 លោក ហ៊ាង សុផល បានគូសបញ្ជាក់ថា ចំពោះស្ថានភាពសន្តិសុខ សុវត្ថិភាព និងសម្រាប់ធ្នាប់សាធារណៈ មានសភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង គឺពុំមានហេតុការណ៍អ្វីកើតឡើងគួរអាកត់សម្គាល់នោះទេ ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតទូទាំងប្រទេស ប្រព្រឹត្តទៅបានទៅល្អប្រសើរ និងបានអនុវត្តនូវវិធានការសុខាភិបាលនានា ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

 ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៏ជំរុញដល់អាជ្ញាធរ និងស្ថាបន ពាក់ព័ន្ធក្នុងការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ។ ជាងនេះ ឯកឧត្តម ក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន គណបក្សនយោបាយ ទាំងអស់ ត្រូវសហកាគ្នា ជាមួយបណ្តាក្រុង/ស្រុក ជម្រុញអោយប្រជាពលរដ្ឋ ទាំងអ្នកចំណាកស្រុក និង ចំណូលស្រុក ដែលគ្រប់អាយុបោះឆ្នោត មកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសត្រូវរួមគ្នាអនុវត្តនស្របតាមការណែនាំរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើអោយការងារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ នៃរដ្ឋសភា នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕





ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម