កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិចិនដូចគ្នាក្នុងអំពើចាប់ជំរិតទាប្រាក់ ឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ ដកហូតអាវុធនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត...

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 8:46 នាទី ព្រឹក

ខេត្តព្រះសីហនុ-កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ បំបែកសំណុំរឿងពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ជនជាតិចិនដូចគ្នាក្នុងអំពើចាប់ជំរិតទាប្រាក់ ឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ ដកហូតអាវុធនិងវត្ថុតាងពាក់ពន្ធ័មួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុឲ្យដឹងថា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២កម្លាំងការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបទល្មើស កងរាជអាវុធហត្ថខេត្ត បានបិទបញ្ចប់សំណុំរឿងឃាតកម្ម លើជនជាតិចិនដូចគ្នានិងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តផ្តន្ទាទោសតាមច្បាប់។

លោកឧត្តមសេនីយ៌មេបញ្ជាការ បញ្ជាក់បន្ថែមថា ប្រតិបត្តិការបង្រ្កាបនេះ ដោយយោងតាមពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិចិន នៅវេលាម៉ោង១២:០០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ស្តីពីការបាត់ប្តីរបស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

បន្ទាប់ពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងការិយាល័យជំនាញ បានបើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងចិត្តទុកដាក់បំផុត ដោយមានការសម្របសម្រួលនីតិវិធីពី លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត ចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់÷

១/ ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង)

២/ ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ)។

 ក្រោយពីកម្លាំងជំនាញ ធ្វើការសាកសួររួចមក ម្ចាស់ទីតាំងបានប្រាប់មកសមត្ថកិច្ចថា ជនសង្ស័យជាមេក្លោង បានរត់គេចខ្លួនទៅរាជធានីភ្នំពេញ បម្រុងឡើងតាមយន្តហោះបន្តទៅកាន់ប្រទេសថៃ បន្ទាប់មកកម្លាំងជំនាញ បានសហការជាមួយកម្លាំងនគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ Zang Tanning ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន (មេក្លោង) នាំយកមកកាន់ការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធី។

 ផ្អែកតាមការសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួននិងបក្សពួក បានលួងលោមហៅជនរងគ្រោះទៅហូបបាយនៅទីតាំងខាងលើ លុះក្រោយមកក៏បាននាំជនរងគ្រោះទៅបន្ទប់ស្នាក់នៅរបស់ខ្លួន ដើម្បីធ្វើសកម្មភាពជំរិតទារប្រាក់ (ផ្ទេរតាមប្រព័ន្ធ USDT ទឹកប្រាក់ចំនួន ១០០.០០០ដុល្លារ (ដប់មុឺនដុល្លារ) និងតាមធនាគារហុយវ័ង ទឹកប្រាក់ចំនួន ៧០.០០០ដុល្លារ (ប្រាំពីរមុឺនដុល្លារ) ក្រោយពីទទួលបានលុយរួចហើយ ខ្លួននិងបក្សពួក បានសម្លាប់ជនរងគ្រោះ នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួន និងយកសាកសពជនរងគ្រោះទៅប្លុងចោល នៅក្រៅទីតាំងធ្វើសកម្មភាព រហូតដល់វេលាម៉ោង១៤:៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ កងរាជអាវុធហត្ថខេត្ត បានស្រាវជ្រាវនិងស្វែងរកសាកសពជនរងគ្រោះឃើញ នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

 រហូតដល់វេលាម៉ោង១៩:៥២នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កម្លាំងមន្ទីរជំនាញ សហការជាមួយកម្លាំងមន្ទីរជំនាញ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់បន្ថែមទៀត ឈ្មោះ Zang Chuan Gang អាយុ ៣៩ឆ្នាំ ភេទប្រុស ជនជាតិចិន នៅចំណុចភូមិព្រៃតាមៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ និងយកមកបន្តនីតិវិធីនៅការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

 នៅវេលាម៉ោង១៥:០៥នាទីរសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ Sang in Chuan Sang (ហៅ Dalong) កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅកន្លែងទីតាំងក្រុមហ៊ុនតាសឹងសានជ័ង ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ធ្វើការឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យ រកឃើញវត្ថុតាងអាវុធខ្លី ចំនួន០២ដើម បន្ថែមទៀតរួមមាន÷

១/ ម៉ាក SZ 75 COMPACT លេខ: A 134409 

២/ ម៉ាក SZ-07 លេខ: D 134090 បង់ចំនួន ០៣ និងគ្រាប់ចំនួន ៦៩គ្រាប់។

នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងការិយាល័យជំនាញ បានបិទបញ្ចប់សំណុំរឿងករណីឃាតកម្ម ដោយមិនមានជនជាប់ពាក់ព័ន្ធបន្តទៀត ជាលទ្ធផលក្នុងនោះសាក្សី ចំនួន ០៥នាក់ បានឆ្លើយបំភ្លឺរួចមក ដោយពុំមានពាក់ព័ន្ធនឹងបទល្មើស ត្រូវបានឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ អនុញ្ញាតិឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង១៨:០០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។

 ដោយឡែកជនសង្ស័យ ចំនួន ០៣នាក់ រួមនិងវត្ថុតាងមួយចំនួន កម្លាំងការិយាល័យជំនាញ បានរៀបសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តនីតិវិធី រួមមាន៖

១/ ឈ្មោះ SANG YANMING ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ ថៅកែក្រុមហ៊ុនតាសឹងសានជ័ង បច្ចុប្បន្នស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

២/ ឈ្មោះ SANG CHUAN GANG (ហៅDA LONG) ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ប្រធានសន្តិសុខ ក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

៣/ ឈ្មោះ LIANG JING JING ភេទស្រី អាយុ ៣៩ឆ្នាំ មុខរបរ ថៅកែហាងក្រុមហ៊ុនតាសឹងសានជ័ង ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

វត្ថុតាងរួមមាន÷

១/ អាវុធខ្លី ចំនួន ០២ដើម ម៉ាក CZ 75 D COMPACT លេខ:A134409 និងម៉ាក CZP-07 លេខ: D134090 ,បង់ ចំនួន ០៣ និងគ្រាប់ ចំនួន ៦៩គ្រាប់

២/ ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង

៣/ លិខិតឆ្លងដែនជនជាតិចិន ចំនួន ០៣ក្បាល

៤/ អត្តសញ្ញាណប័ណ្ណចិន ចំនួន ០១សន្លឹក

៥/ ប័ណ្ណបើកបរ ចំនួន ០៤សន្លឹក

៦/ ប័ណ្ណព័ត៌មាន ចំនួន ០៣សន្លឹក

៧/ សុីមកាត ចំនួន ០៣

៨/ អង្គចងចាំ (USB) ចំនួន ០១។

 សូមបញ្ជាក់ថា ចំពោះថវិកាដែលជនសង្ស័យចាប់ជំរិតពីជនរងគ្រោះ ទឹកប្រាក់ចំនួន ១៧០.០០០$ កម្លាំងការិយាល័យជំនាញ បានស្រាវជ្រាវប្រមូលយកបានមកវិញ ទឹកប្រាក់ចំនួន ១០១.៥០០$ (ដប់ម៉ឺនមួយពាន់ប្រាំរយដុល្លារអាមេរិក) និងប្រគល់ជូនទៅក្រុមគ្រួសារជនរងគ្រោះរួចរាល់គ្រប់ចំនួន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម