អភិបាលនាំយកអង្ករ២០តោន ជាអំណោយដ៏ថ្លៃថ្លារបស់ម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋជួបការលំបាកក្នុងក្រុងសួង ចំនួន៤០០គ្រួសារ...

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី31 ខែតុលា ឆ្នាំ2022 ម៉ោង 1:29 នាទី ព្រឹក

ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បន្តចុះសួរសុខទុក្ខនាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅកម្ពុជា នៅអង្ករចំនួន ២០ តោន ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជួបការលំបាក និងបញ្ហាផ្សេងៗ ចំនួនជាង ៤០០ គ្រួសារ នៅក្នុងមូលដ្ឋានក្រុងសួង  នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២២នេះ ។

     ពិធីផ្ដល់ជូននេះ ប្រព្រឹត្តទៅនៅសាលាក្រុងសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុងសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប ។ថ្លែងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំប្រទេស ដោយសម្ដេចតែងតែគិតគូរ ពីសុខទុក្ខប្រជាពលរដ្ឋជានិច្ច គ្រប់កាលៈទេសៈ ទីណាបងប្អូនប្រជាពលរដ្ឋមានការលំបាក ទីនោះគឺមានសម្ដេចតេជោ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត បានចុះជួយជាប់ជានិច្ច ។

 

    ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានគូបញ្ជាក់ថា អំណោយជាអង្ករ នាំមកផ្ដល់ជូននាពេលនេះ សម្ដេចតេជោ ហ៊ុន សែន ចាត់អោយរដ្ឋបាលខេត្ត នាំយក អង្ករ ទាំងនេះ មកចែកជូនដល់បងប្អូនយើង ដើម្បីជួយសម្រួលជីវភាព និងតម្រូវការក្នុងគ្រួសារដែលកំពុងជួបការលំបាក ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹក ដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ត្រូវបន្តសហការគ្នាដោះស្រាយបញ្ញានានា ដែលជាទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសអនុវត្តនៅគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ទៅបានដាក់ចេញ នឹងត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ចោរប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឲ្យភូមិ-ឃុំ/សង្កាត់ ប្រែក្លាយជា ភូមិ-ឃុំ/សង្កាត់ ស ស្អាត ធានាបានសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ ។ 

 បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត  ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងសួង ទាំងមូល ជាពិសេសរវាងភាគីពាក់ព័ន្ធ  សហការ ចូលរួមចលនាប្រឡងប្រណាំងទីក្រុងស្អាត សំអាតសំរាមតាមបណ្ដាសួន និងដងផ្លូវនានា ក្នុងការបំពេញតាមសូចនាករ និងការវាយតម្លៃដាក់ពិន្ទុ របស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត (គ.ជ.វ.ទ) ដើម្បីក្រុងសួងយើង ទទួលបានជ័យលាភី ផ្ការំដួល ៣ ទង ៕

 

 

 

 

 

 

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម