រដ្ឋាភិបាលសម្រេចនិរាករណ៍នូវរាល់លិខិតបញ្ជាក់ពីការទិញលក់ និងការផ្ទេរកម្មសិទ្ធិដីធ្លីក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែមករា ឆ្នាំ2021 ម៉ោង 10:24 នាទី ល្ងាច

ភ្នំពេញ ៖ ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការជូនដំណឹងទៅលើបញ្ហាវិវាទដីធ្លីដែលប្រជាពលរដ្ឋអាស្រ័យផល និងកាន់កាប់ជិត២០០គ្រួសារ រួមជាមួយការសម្រេចធ្វើនិរាករណ៍ទៅលើរាល់លិខិតពាក់ព័ន្ធនឹងការបញ្ជាក់ពីការកាន់កាប់ ការទិញលក់ និងការផ្ទេរកម្មសិទ្ធិកាន់កាប់ដីធ្លីស្ថិតនៅក្នុងដែនព្រៃឡង់ក្នុងខេត្តកំពង់ធំ។

photo_2021-01-27_14-23-26-696x392

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះបានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងវិវាទ និងទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋសរុបចំនួន២៨៨គ្រួសារ ដែលបានកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយស្ថិតនៅតំបន់ដីក្រហម ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ប្រតិភូគណបក្សរស្មោះខេមរាបានរកឃើញតម្រុយមួយចំនួនពាក់ព័ន្ធទៅនឹងបញ្ហាទាំងនេះ ដែលស្ថិតក្នុងដែនជម្រកសត្វព្រែ នៃតំបន់ព្រៃឡង់។

d413f046-128f-47f1-9179-8f2b1185684b

នៅក្នុងសេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា រដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ជូនរដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកសណ្តាន់ និងឃុំសុចិត្រ និរាករណ៍នូវរាល់លិខិតនានាពាក់ព័ន្ធនឹងការកាន់កាប់ដីធ្លី ការទិញលក់ ការផ្ទេរសិទ្ធិកាន់កាប់ដីធ្លីក្នុងតំបន់ដូចដែលបានបញ្ជាក់ខាងលើ។ បន្ថែមពីនេះ រដ្ឋបាលខេត្តកំពង់ធំ រដ្ឋបាលស្រុកសណ្តាន់ ស្រាវជ្រាវសាវតាឈ្មោះហ៊ាន តយ និងអ្នកពាក់ព័ន្ធនឹងករណីទន្ទ្រានដីក្នុងតំបន់ខាងលើ ដើម្បីមានវិធានការតាមច្បាប់ជាធរមាន។

471c7ad9-19ec-4708-817c-af0a59aa54ad

ជាមួយគ្នានេះ ក្រសួងបរិស្ថានត្រូវសហការជាមួយអាជ្ញាធរក្នុងតំបន់ពាក់ព័ន្ធចុះពិនិត្យ និងកំណត់ព្រំប្រទល់ទីតាំងវិវាទក្នុងតំបន់ដីក្រហម ឬឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីរៀបចំកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលបានប្រើប្រាស់អាស្រ័យផលជាក់ស្ដែងយូរឆ្នាំមកហើយប្រកបដោយតម្លាភាព និងភាពត្រឹមត្រូវបំផុត៕

photo_2021-01-27_14-23-42


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម