ប្រជាពលរដ្ឋម្នាក់ ស៊ីឈ្នួលរាស់ (វាយ)ដីឱ្យអ្នកភូមិ ជាន់លើគ្រាប់មីនតោនផ្ទុះកក្រើករងរបួសធ្ងន់ ខូចត្រាក់ទ័រទាំងស្រុង

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី16 ខែឩសភា ឆ្នាំ2022 ម៉ោង 5:51 នាទី ល្ងាច

ខេត្តប៉ៃលិន ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកខេត្តប៉ៃលិន ខណ:ស៊ីឈ្នួលរាស់ (វាយ)ដី ឱ្យប្រជាពលរដ្ឋម្នាក់ លុះបើកបរចុះឡើងៗ ក៏ជាន់លើ មីនតោនដែលសេសសល់ពីសម័យសង្គ្រាមផ្ទុះកក្រើករងរបួសធ្ងន់ និងខូចត្រាក់ទ័រខ្ទេចទាំងស្រុងតែម្តង។
ហេតុការណ៍ប្រជាពលរដ្ឋស៊ីឈ្នួលរាស់ដី(វាយ)ដី ជាន់លើគ្រាប់មីនតោនផ្ទុះរងរបួសធ្ងន់នេះ បានកើតឡើងនៅវេលាម៉ោង ១១និង០០ នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅចំណុចទល់មុខបន្ទាយយោធា ស្រែម្អម ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ៖ ជនរងគ្រោះ មាន ឈ្មោះ មឿន សិលា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរ បើកត្រាក់ទ័រ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយរងរបួសដាច់ជើងខាងឆ្វេង របួសពេញដងខ្លួន និងបែកក្បាល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ប្រភពបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានបើកត្រាក់ទ័រស៊ីឈ្នួល វាយដី ឱ្យប្រជាពលរដ្ឋក្នុងភូមិម្នាក់ ឈ្មោះ ឃួន សុធា ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ជាអ្នកជួលដីស្រែពីអ្នកភូមិផ្សេងទៀតដែរ។ ប្រភពបន្តទៀតថា លុះរាស់ដីតាំងពីព្រឹករហូតដល់ម៉ោង១១ ស្រាប់តែត្រាក់ទ័រផុងដីសើមក្បែរភ្លឺស្រែ បណ្តាលឱ្យកង់លិចទៅប៉ះនឹងគ្រាប់មីនតោន ដែលសេសសល់ពីសម័យសង្គ្រាមកប់ក្នុងដី បណ្តាលឱ្យផ្ទុះលាន់យ៉ាងកក្រើករងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើល។ ប្រភពបញ្ជាក់ថា ជនរងគ្រោះ បានខ្ទាតចេញពីលើត្រាក់ ទ័រជាច្រើនម៉ែត្រ សន្លប់នៅលើវាលស្រែ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសាច់ញាតិដឹកតាមរថយន្តសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែដោយសភាពធ្ងន់ធ្ងរពេក ក៏ប្រញាប់ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ៖ នៅត្រង់ចំណុចដីស្រែខាងលើ ត្រូវបានគេរាវរកគ្រាប់មីនរួចរាល់អស់ហើយ ប៉ុន្តែមិនដឹងជាយ៉ាងណា យូរៗម្តង ស្រាប់តែមានករណីផ្ទុះគ្រាប់មីនតោនរងរបួស និងខូចខាតត្រាក់ទ័រ អស់មួយចំនួន ដែលធ្វើឱ្យប្រជាពលរដ្ឋមានការខ្លាចរអារយ៉ាងខ្លាំង ក៏សំណូមពរឱ្យខាងក្រុមការងារកំចាត់មីន ចុះទៅពិនិត្យ និងរាវរកគ្រាប់មីនបន្តទៀត ដើម្បីជួយដល់កសិករឱ្យមានសុវត្ថិភាពផងដែរ៕ 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម