i7មណ្ឌលគិរី ត្រៀមនាំពូជគោសាច់ពីអាមេរិក និងអស្រ្តាលីចំនួន៥០០០ក្បាលបន្ថែមនៅឆ្នាំ២០២២..

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី30 ខែធ្នូ ឆ្នាំ2021 ម៉ោង 9:47 នាទី ល្ងាច

ភ្នំពេញ ៖ កសិដ្ឋានដ៏ធំជាងគេ i7 គ្រោងនឹងនាំចូលគោពូជ Beef Master, Angus និង Wagyu ពីអាមេរិក និងអូស្រ្តាលីបន្ថែមចំនួន៥០០០ក្បាល នាឆ្នាំ២០២២នេះ បន្ទាប់ពីក្រុមហ៊ុន i7 ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល អាជ្ញាធរខេត្ត និងក្រសួងកសិកម្មសម្រាប់ការអភិវឧ្ឍន៏ លើវិស័យកសិកម្ម ដោយសាងសង់ បណ្តុំស្ថានីយបង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិ ផ្សេងៗ, វិនិយោគលើវិស័យកសិ-ទេសចរណ៍ ផ្សារកសិផល នៅភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។


លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន i7 មានប្រសាសន៍ថា កន្លងមកដោយមាន ការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មយើងបាននាំចូលគោពូជពីប្រទេសអូស្រ្តាលី និង សហរដ្ឋអាមេរិកសរុបមានចំនួន៥០០ក្បាលមកហើយ តែចំនួននេះពុំអាចទ្រទ្រង់ទីផ្សាគ្រប់ គ្រាន់នៅឡើយទេ ទើប i7 សំរេចនាំចូលចំនួន៥០០០ក្បាលបន្ថែមទៀតនៅឆ្នាំ២០២២។ លោក ឧកញ៉ាបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍរោងចិញ្ចឹមគោចំនួន៥រោងរួចហើយ ដែលជាទី តាំងពូជគោដែលត្រូវបាននាំចូលពីប្រទេសថៃ អាមេរិក និងប្រេស៊ីល ហើយបានបង្កើនជីវភាព ប្រជាពលរដ្ឋនៅក្នុងតំបន់ និងបានរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។


ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតជាគោល ការណ៍ក្នុងការនាំចូលនូវពូជគោ សេះ ពពែ ចៀមចំនួន២៥០០០ក្បាល និងទឹកមេជីវិតមួយ ចំនួនពីអាមេរិក ប្រេស៊ីល អូស្ត្រាលី ជប៉ុន និងប្រទេសថៃសំរាប់ឆ្នាំ២០២១ និង២០២២ ដើម្បី នាំយកពូជសត្វល្អៗពីក្រៅប្រទេសមកបង្កាត់ពូជ ក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងឈានទៅ ផ្គត់ផ្គង់ក្រៅប្រទេសនាពេលអនាគតផងដែរ។
កាលពីពេលកន្លងទៅ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់អនុសាសន៍ដ៏ ខ្ពង់ខ្ពស់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តបន្តអភិវឌ្ឍវិស័យកសិដ្ឋានឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងនោះសម្តេច តេជោ ហ៊ុន សែន បានណែនាំឲ្យបន្តលើកកម្ពស់ការវិនិយោគក្នុងវិស័យកសិកម្មតាមអភិក្រម ភាពជាដៃគូរវាងរដ្ឋ និងឯកជនឲ្យកាន់តែទូលំទូលាយថែមទៀត។ សម្តេចតេជោឲ្យបន្តលើក កម្ពស់គុណភាពផលិតកម្មដំណាំ ការចិញ្ចឹមសត្វ វារីវប្បកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម។ ត្រូវបន្តជំរុញការចិញ្ចឹមសត្វរបស់កសិករឱ្យទៅជាការចិញ្ចឹមបែបពាណិជ្ជកម្ម ដើម្បីបង្កើនប្រាក់ ចំណូលធ្វើការស្រាវជ្រាវ សុខភាពសត្វ និងផលិតកម្មសត្វ កែលម្អពូជសត្វឱ្យមាន ទិន្នផល ខ្ពស់ គ្រប់គ្រងការធ្វើឤជីវកម្មសត្វរស់ ផលិតផលសត្វ ចំណសីត្វជាដើម។


សូមរំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២១កន្លងមក កសិដ្ឋាន i7 ក៏បាននាំចូលពូជគោ ជាច្រើនក្បាលផងដែរពីសហរដ្ឋអាមេរិកមកកាន់កសិដ្ឋាន i7 ធំទី២ ដែលស្ថិតនៅតំបន់អភិវឌ្ឍ 7NG នៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បន្ទាប់ពីកសិដ្ឋានធំទី១នៅខេត្ត មណ្ឌលគិរី៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម