ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ) បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី21 ខែធ្នូ ឆ្នាំ2021 ម៉ោង 4:46 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីអញ្ជើញចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូស(ជម្រុញ)បង្ការជំងឺកូវីដ-១៩ របស់កងយោធពលខេមរភូមិន្ទ ជូនប្រជាពលរដ្ឋ និងកម្មករ កម្មការិនី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន បានដឹកនាំមន្ត្រីចុះពិនិត្យសកម្មភាពចាក់វ៉ាក់សាំងដូសជម្រុញ ជូនប្រជាពលរដ្ឋចំនួន ៣ទីតាំង លើ ១០ទីតាំងក្នុងខេត្តព្រះសីហនុ មានដូចជា៖ នៅសាលាដុនបូស្កូ មានទីតាំងនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចាក់ដោយ ក្រុមគ្រូពេទ្យកងពលតូចង៧០។ តំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ឃុំបិតត្រាំង ចាក់ដោយក្រុមគ្រូពេទ្យកងកិត្តិយសត្រែទ័ព និងនៅបរិវេណវត្តស្មាច់ដែងស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ចាក់ដោយក្រុមគ្រូពេទ្យកងទ័ពជើងទឹក

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ និងការចូលរួមពីក្រុមគ្រូពេទ្យរបស់កងយោធពលខេមរភូមិន្ទ និងការសម្របសម្រួលដោយមន្ត្រីនៃមន្ទីរការងារ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនទៀត ដែលបានចុះជួយក្នុងយុទ្ធនាការចាក់វ៉ាក់សាំងដូសទី១ ដូសទី២ និងបន្តចាក់ដូសជម្រុញជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងគ្រប់គ្នា ដើម្បីបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងធ្វើឱ្យកម្ពុជាបានប្រកាសបើកសេដ្ឋកិច្ចសង្គម និងបើកប្រទេសឡើងវិញ។

ឯកឧត្ដមបានបន្ថែមថា បងប្អូនបានឃើញហើយនូវអ្វីដែលជាសកម្មភាពនៃការយកចិត្តទុកដាក់របស់សម្ដេចតេជោ ដើម្បីបុព្វហេតុនៃការការពារសុខមាលភាពសាធារណៈ ជាពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវកូវីដ-១៩ ដែលសម្ដេចបានប្រឹងប្រែងតាំងពីការដាក់ចេញនូវវិធានការនានា ការដោះស្រាយបញ្ហាប្រឈម ការងារសង្គមកិច្ច ការងារប្រតិបត្តិការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងកិច្ចការដែលមានសារៈសំខាន់បំផុតនោះគឺការ ស្វែងរកវ៉ាក់សាំង និងចាត់ចែងវិធានការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។ មកដល់បច្ចុប្បន្ននេះបើទោះបីជាកម្ពុជា ជាប្រទេសដែលទើបឆ្លងកាត់ដំណាក់កាលក្រីក្រ និងជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិត ទាបក៏ដោយ ប៉ុន្តែចំពោះការដោះស្រាយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ កម្ពុជាបានដើរមុនគេ អាចថាជាប្រទេសដែលមានកម្រិតនៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានលឿន បានល្អ និងមានយុទ្ធសាស្ត្រត្រឹមត្រូវ។

ឯកឧត្ដមអភិបាលខេត្ត បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសបិទបញ្ចប់ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ២០២១ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាហើយ ប៉ុន្តែទោះបីព្រឹត្តិការណ៍នេះត្រូវបានបិទបញ្ចប់ ក៏កិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ រួមជាមួយមន្ត្រីរាជការពិសេសក្រុមគ្រូពេទ្យនៅតែបន្តបេសកកម្មទៅមុខទៀត ដែលនេះគឺជាការទទួលខុសត្រូវដ៏ពិតប្រាកដរបស់សម្តេចតេជោ នៅក្នុងបុព្វហេតុនៃការការពារសុខមាលភាពជូនដល់ប្រជាពលរដ្ឋ ជនរួមជាតិកម្ពុជារបស់យើង។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមមេត្តាមកចូលរួមទទួលយកវ៉ាក់សាំងដូសជម្រុញ ដើម្បីបង្កើតភាពសុំាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដឱ្យបានគ្រប់គ្នាៗ ហើយក្រុមគ្រូពេទ្យរបស់យើង មានកងទ័ព ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល យោធាខេត្តបន្តចាក់វ៉ាក់សាំងដូសទី៣ ដោយឥតគិតថ្លៃ និងចូលរួមអនុវត្ត៣.ការពារ .កុំ គម្លាតសុវត្ថិភាព ការចូលរួមរបស់បងប្អូន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដបានពិតប្រាកដទាំងអស់គ្នា។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដូសជម្រុញជូនប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើង នៅខេត្តព្រះសីហនុដោយក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទ ក្នុងនោះ ក្រុងព្រះសីហនុ មាន ២ទីតាំង .សាលាបច្ចេកទេសដុនបូស្កូ .សាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា ជប៉ុន ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

ស្រុកព្រៃនប់មាន ៨ទីតាំង វត្តស្មាច់ដែង (ឃុំរាម)វត្តអូរចំណារ (ឃុំឧកញ៉ាហេង)វត្តវាលមាស (ឃុំវាលរេញ) វត្តសុវណ្ណគង្គារ (ឃុំសាមគ្គី)វត្តសារាយអណ្ដែត (ឃុំជើងគោ)វត្តសុវណ្ណគីរីវ័ន្ត (ឃុំតានៃ)តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ឃុំបិត្រាំង)តំបន់សេដ្ឋកិច្ចពិសេសចេជាង(ឃុំជើងគោ) ស្រុកកំពង់សីលាមាន ៤ទីតាំង វត្តស្ទឹងឆាយ (ឃុំស្ទឹងឆាយ)វត្តភ្នំក្អោង (ឃុំចំការហ្លួង)វត្តឧត្តមមុនី្នវង្សកំពង់សីលា (ឃុំកំពង់សីលា)និងវត្តសំរោងប្រសិទ្ធិវង្ស (ឃុំអូរបាក់រទេះ)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម