រដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី06 ខែសីហា ឆ្នាំ2021 ម៉ោង 11:53 នាទី ព្រឹក

 

(ខេត្តព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យទីតាំងត្រៀមរៀបចំពិធីបុណ្យសមុទ្រ នៅតាមបណ្តោយវិថី​តេជោ​ តភ្ជាប់ពីវិថី​ ២ធ្នូ មកចុងផ្លូវ​ ៥០២ ស្ថិតនៅតំបន់ពយតាមូង​ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ក្នុងឱកាស ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាន៍ថា នៅដំណាច់ឆ្នាំខាងមុខនេះ ប្រសិនបើមិនមានការប្រែប្រួល ឬការរំខានដោយសារជំងឺកូវី-១៩ នោះទេ រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងទេសចរណ៍ គ្រោងនឹងយកទីតាំងនៅវិថីតេជោ តំបន់ពយតាមូង ដើម្បីប្រារព្ធពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ។

ជាមួយគ្នានេះ ដើម្បីឱ្យទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ មានសោភ័ណភាព និងបរិស្ថានស្អាត រដ្ឋបាលខេត្តបាន និងកំពុងរៀបចំកែលម្អសួនច្បារ ដាក់អំពូលភ្លើង ដាំដើមកោងកាង រៀបចំបន្ទប់ទឹក និងពង្រីកទីធ្លាឱ្យបានធំទូលាយបន្ថែមទៀត ដើម្បីរៀបចំប្រារព្ធពិធី ជាពិសេសជាការទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកលេងកម្សាន្តក្នុងឱកាសនៃពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុ នាពេលខាងមុខ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំឱ្យក្រុមការងារត្រូវពន្លឿនការរៀបចំឱ្យបានលឿន ប្រកបដោយគុណភាព និងសោភ័ណភាព ដោយត្រូវធ្វើយ៉ាងណាឱ្យបានរួចរាល់ មុនថ្ងៃនៃការរៀបចំពិធីបុណ្យសមុទ្រ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម