ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀម អនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារនៅក្នុងផ្សារលើ ក្រុងព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី15 ខែមេសា ឆ្នាំ2021 ម៉ោង 1:36 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមអនុវត្តការប្រើប្រាស់ ការទូទាត់តាមប្រព័ន្ធធនាគារ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានសាខាធនាគារជាតិខេត្តព្រះសីហនុ លោកលោកស្រី តំណាងធនាគារពាក់ព័ន្ធផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បន្ទាប់ពីបានរកឃើញអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារលើចំនួន០២នាក់ដែលមានវិជ្ជមានជំងឺកូវីដ-១៩រួចមក រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចផ្អាកជា បណ្តោះអាសន្ននូវតូបលក់ដូរចំនួន៣៦តូប ដោយមិនបិទផ្សារទាំងមូលនោះឡើយ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពី ការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile Appនិង QR Codeជាដើម ដើម្បីកាត់បន្ថយ ការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្ត ដាក់ចេញនូវវិធានការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ដូចខាងក្រោម៖

-ស្នើសុំលោកលោកស្រី តំណាងធនាគារពាក់ព័ន្ធ ផ្តល់ទិន្នន័យអាជីវករផ្សារលើ ដែលកំពុងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងការទូទាត់ថ្លៃទំនិញ និងជម្រុញអាជីវករផ្សេងៗទៀតចូលរួមប្រើប្រាស់ឱ្យបានលើសពី៧០ភាគរយឡើងទៅ

-ជម្រុញបងប្អូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ ដោយពន្យល់គាត់អំពីសារប្រយោជន៍ និងសុវត្ថិភាពនៃការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការ ក្នុងការប្រើប្រាស់ប្រព័ន្ធធនាគារក្នុងទូទាត់ថ្លៃទំនិញ និងចូលរួមអនុវត្តវិធានការណ៍នានារបស់ក្រសួងសុខាភិបាល ជាពិសេសគោលការណ៍ ៣កុំនិង៣ការពារ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន និងត្រឹមត្រូវទាំងអស់គ្នាដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម