ល្បីថាអាហារដ្ឋានពិភពថ្មីបើកល្បែងអនឡាញជល់មាន់យ៉ាងគ្រឹកគគ្រេងតែដល់ពេលសមត្ថកិច្ចចុះទៅបង្ក្រាបឃើញតែឆ្នោតឡូតូ online

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី07 ខែតុលា ឆ្នាំ2023 ម៉ោង 8:55 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : ក្រោយទទួលបានព័ត៌មានថាមានល្បែងអនឡាញ់ជលមាន់យ៉ាងកក្រើកនៅទីតាំងមួយស្ថិតនៅក្នុងសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ នៅវេលាម៉ោង២ៈ០០នាទីរសៀល ថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយកម្លាំងនគរបាលក្រុងសិរីសោភ័ណ ធ្វើការចុះបង្ក្រាបជាបន្ទាន់ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានបញ្ជាអោយលោកវរសេនីយ៍ត្រី ម៉ាន់ វង្សសារ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានដឹកនាំកម្លាំងជំនាញក្រុង សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍អូរអំបិល ចុះពិនិត្យទីតាំងអនឡាញមួយកន្លែងនៅចំណុចអាហារដ្ឋានពិភពថ្មី ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ត្រី ម៉ាន់ វង្សសារ អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានអោយដឹងថា៖ ក្រោយពីការចុះពិនិត្យទីតាំងជាក់ស្តែងករណីបើកហ្គេមអនឡាយ(មាន់ជល់)ចំណុចអាហារដ្ឋានពិភពថ្មី ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តែមិនឃើញមានល្បែងជល់មាន់តាមប្រព័ន្ធអនឡាញទេ ឃើញតែឆ្នោតឡូតូតាមប្រព័ន្ធអនឡាញ ដែលមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវរបស់ក្រុមហ៊ុន(លាភមហាសម្បត្តិឡូតូ)។

លោកវរសេនីយ៍ត្រី អធិការរងទទួលផែនព្រហ្មទណ្ឌបានបន្តថា៖ យោងតាមការសាកសួរបំភ្លឺឈ្មោះ ឡុប លឹមម៉ៅ ភេទប្រុស អាយុ ៥៦ ឆ្នាំ (ម្ចាស់ហាង) បានប្រាប់ថា ក្រុមហ៊ុនលាភមហាសម្បត្តិ ឆ្នោតឡូតូតាមប្រពន្ធ័អនឡាញ បានមកសុំជួលដាក់ល្បែងឆ្នោតឡូតូនៅក្នុងហាងរយៈពេល២ខែកន្លងមកហើយដោយអោយ១ខែ ៨០ម៉ឺនរៀល។-តាមការបញ្ជាក់ពីបុគ្គលិកឈ្មោះ តែ គីមហួយ ភេទស្រី អាយុ ១៨ ឆ្នាំ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល បានអោយដឹងថា៖ ខ្លួនបានធ្វើជាបុគ្គលិកក្រុម ហ៊ុនលាភមហាសម្បត្តិ (ឆ្នោតឡូតូតាមប្រពន្ធ័អនឡាញ)រយៈពេលជាង២ខែហើយ ដោយមានអាជ្ញាប័ណ្ណត្រឹមត្រូវ៕

 

លោកវរសេនីយ៍ត្រី ម៉ាន់ វង្សសារ បានធ្វើការសំណូមពរទៅដល់អ្នកសារព័ត៌មាន និងអ្នកលេងបណ្ដាញទំនាក់ទំនងសង្គម មុននឹងធ្វើការបង្ហោះបង្ហើរសូមត្រួតពិនិត្យឲ្យបានច្បាស់ជាមានការភាន់ច្រឡំដូចករណីខាងលើនេះ ដែលធ្វើឲ្យរំខានដល់ការងាររបស់សមត្ថកិច្ចដែលកំពុងមមាញឹកក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងរយៈពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះផងដែរ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ ៧៨ ហុីង ចាន់ថន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម