រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំប្រណាំងទូកនៅស្ទឹងសិរីសោភ័ណ មានទូកចូលរួមប្រមាណ ២៨ទូក

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី11 ខែវិច្ឆិការ ឆ្នាំ2023 ម៉ោង 9:21 នាទី ល្ងាច

ខេត្តបន្ទាយមានជ័យ:រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំប្រណាំងទូក ដើម្បីចូលរួមអបអរសារទរព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ក្នុងគោលដៅចូលរួមថែរក្សាទំនៀម ទម្លាប់វប្បធម៌ប្រពៃណីជាតិដែលមានជាយូរ លង់ណាស់មកហើយ ។ពិធីប្រណាំងទូកនេះបានធ្វើឡើងរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដែលមានទូកងចំនួន២៨ទូក មកពីបណ្តាវត្តនានា ក្នុងស្រុក ក្រុង របស់ខេត្ត បានចូលរួមធ្វើការប្រកួតប្រជែងអុំប្រណាំងនៅស្ទឹងសិរីសោភ័ណ ក្រោយសាកល វិទ្យាល័យមានជ័យ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ដែលនៅថ្ងៃដំបូងនេះមានការ ចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងខេត្តជិតឆ្ងាយយ៉ាងច្រើនកុះ ករ។

ក្នុងពិធីបើកការប្រណាំងទូកនៅរសៀលថ្ងៃសៅរទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវជ័យ ណារី ។

ថ្លែងឱកាសនោះនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានគូសបញ្ជាក់ថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយរំសាយ ការនឿយហត់របស់ប្រជាពលរដ្ឋទាំងនៅ ក្នុងខេត្តក៏ដូចជាមកពីបណ្តា ខេត្តជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី២៧ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់វប្បធម៌ ប្រពៃណីជាតិដែលមានជាយូរលង់ណាស់មកហើយ សំដៅធ្វើឱ្យកូនចៅជំនាន់ក្រោយ បានចូលរួមយល់ដឹងពីពិធីបុណ្យជាតិ ដែលដូនតារបស់ខ្លួនបានបន្សល់ទុកឱ្យ និងឱ្យថែរក្សាបានគង់វង្សទៀតផង។

ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ទៀតថា ពិធីប្រណាំងទូកនេះគឺជាការឧទ្ទិសដល់វីរ កងទ័ពជើងទឹក នៃកុលបុត្រខ្មែរជំនាន់ដើម ក្នុងការវាយយកទឹកដីមហានគរពីការឈ្លានពាន របស់សត្រូវ។ ពិធីនេះក៏ឧទ្ទិសដល់គុណព្រះធរណី និងព្រះគង្គា ដែលបានដឹកនាំ ដីល្បាប់ដ៏មានជីវជាតិ មកស្រោចស្រពលើផ្ទៃដីឱ្យផលដំណាំប្រជាកសិករទទួល ផលល្អប្រសើរសម្រាប់ជីវភាព ប្រកបដោយភាពសុខក្សេមក្សាន្ត។ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការក្រើនរម្លឹកដល់ចំណុះទូកទាំងអស់ ត្រូវគោរពនូវវិន័យការប្រកួតត្រូវចេះសាមគ្គីគ្នា ត្រូវបង្ហាញទឹកចិត្តជាកីឡាប្រឹងប្រែង ក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បី សម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការអំពាវនាវទៅកាន់ដល់ស្រទាប់ មហាជនទាំងអស់ពិសេសយុវជនត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងសូមមេត្តាបន្តការ ចូលរួមទាំងអស់គ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ចរាចរណ៍ ផ្លូវគោក។

អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងទៀតថា ដោយឡែកនៅពេលរាត្រីក៏មានការ ប្រគំតន្ត្រីកម្សាន្តសប្បាយ និងការតាំងពិព័រណ៍លក់ផលិតផលទូទៅភូមិមួយ ផលិតផលមួយ នៅបរិវេណសួនមានជ័យកណ្តាលទីប្រជុំជនខេត្ត ការដាក់បណ្តែតប្រទីប អង្គភាពរដ្ឋ មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក នៅស្ទឹងសិរីសោភ័ណ ក្បាលស្ពានថ្ម ព្រះពន្លាទៀតផង។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត តំណាងគណៈកម្មាការបច្ចេកទេស បញ្ជាក់ថា ទូកង ដែលបានចូលរួមប្រណាំង ចំនួន២៨ទូក ក្នុងនោះទូក "ង" ចំណុះ ៧៥ នាក់ មួយទូក, ចំណុះ ៧២នាក់ មួយទូក, ចំណុះ៦៩នាក់ មួយទូក, ចំណុះ ៤៧នាក់ មួយទូក, ចំណុះ ៤៥នាក់ មួយទូក, ចំណុះ ២២នាក់ ១៣ទូក, ចំណុះ ៥នាក់ ចំនួន៨ទូក និងចំណុះ៤នាក់ ២ទូក៕

ព័ត៌មានទាន់ហេតុការដោយ ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម