ការដឹកជញ្ជូនធ្យូងជាអនុផលព្រៃឈើនៅតែបន្តដឹក ជំនាញនៅតែបន្តថា ចាំចុះត្រួតពិនិត្យៗ...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី17 ខែវិច្ឆិការ ឆ្នាំ2022 ម៉ោង 2:06 នាទី ព្រឹក

ត្បូងឃ្មុំៈ មានរថយន្តសាំយ៉ុង សាំយ៉ុងឆ្នៃ រ៉ឺម៉ក ជាច្រើនគ្រឿង ដឹកធ្យូងដែលជាបទល្មើសព្រៃឈើ យ៉ាងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ចេញពីភូមិត្រពាំងចក និង ភូមិមជ្ឈឹមភាគ ស្ថិតក្នុងឃុំអញ្ចើម ស្រុក/ខេត្តត្បូងឃ្មុំ ចែកចាយក្នុងស្រុក និងចេញទៅម៉ឺនជ័យ ខេត្តព្រៃវែង ។ ជុំវិញបញ្ហាល្មើសនេះ គេគ្មានឃើញជំនាញមេព្រៃ សង្កាត់ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំ គ្មានវិធានការទប់ស្កាត់ឡើយ ។

 ប្រជាពលរដ្ឋភូមិត្រពាំងចក និងភូមិមជ្ឈឹមភាគ ឃុំអញ្ចើម បានឲ្យដឹងថា ការដឹកជញ្ជូនធ្យូងយ៉ាងអាណាធិបតេយ្យនេះ គឺដឹកខួបប្រាំងវស្សា តាមរយៈរថយន្តសាំយ៉ុង រថយន្តឆ្នៃ រឺម៉កធំៗ ជាច្រើនគ្រឿង ក្នុងមួយខែៗ រាប់សិបតោន ចែកចាយក្នុងស្រុក ក្រៅស្រុក ឆ្លងខេត្តទៅកាន់ទឹកដីខេត្តព្រៃវែង ចំណុចម៉ឺនជ័យ ។ល។ ការចរាចរណ៍ដោយរលូន គ្មានការរំខានពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ សមត្ថកិច្ចជំនាញ ទាំងសង្កាត់រដ្ឋបាលព្រៃឈើក្រូចឆ្មារ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើត្បូងឃ្មុំសោះឡើយ ។

 ប្រជាពលរដ្ឋបានបន្តឲ្យដឹងទៀតថា ធ្យូងទាំងនេះ ដឹកមកពីខេត្តក្រចេះ ឆ្លងចូលតាមស្រុកតំបែរ មកទំលាក់នៅភូមិទាំងពីរខាងលើដែលជាទីតាំងស្តុកចែកចាយ ទៅគ្រប់តំបន់ ។ 

 ទាក់ទងបញ្ហាល្មើសនេះ លោក នង រ៉ានី នាយសង្កាត់រដ្ឋបាលព្រៃឈើ បានបញ្ជាក់ឲ្យដឹងថា ទាំងពីរភូមិខាងលើនេះ ពិតជាមានបទល្មើសនេះមែន តែជំនាញពិបាកធ្វើ និយាយមិនកើត ។

 ដោយឡែកលោក យ៉ី សុខហេង នាយផ្នែករដ្ឋបាលព្រៃឈើត្បូងឃ្មុំបានបញ្ជាក់ថា មានមែនតែគេវិចខ្ចប់លក្ខណៈថង់តូចៗ ចែកចាយក្នុងស្រុកជាលក្ខណៈគ្រួសារធ្វើមិនកើតទេ ។

 ប្រជាពលរដ្ឋសំណូមពរដល់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត គួរចុះពិនិត្យមើលបញ្ហាល្មើសនេះផង កុំឲ្យគេថា ឆ្នាំងណា គ្របហ្នឹង 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម