អភិបាលខេត្តត្បូងឃ្មុំ បន្តនាំយកគ្រាប់ពូជស្រូវជាង២មុឺនគីឡូក្រាម ជំនួយរបស់សម្តេចតេជោ ចែកជូនកសិករប្រមាណ២១៥គ្រួសារ ក្នុងស្រុកត្បូងឃ្មុំ...

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី25 ខែតុលា ឆ្នាំ2022 ម៉ោង 1:17 នាទី ព្រឹក

ត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានបន្តអញ្ជើញចុះជួបសំណេះសំណាល នាំយកពូជស្រូវបម្រុងទុកចំនួនជាង២១តោន របស់រាជរដ្ឋាភិបាលកម្ពុជា ជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុនសែន ទៅចែកផ្តល់ជូនប្រជាកសិករប្រមាណ២១៥គ្រួសារ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ដើម្បីស្តារការបង្កបង្កើនផលឡើងវិញ បន្ទាប់ពីទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ឡើងលិចបំផ្លាញស្រែស្រូវកសិករ ។

 ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងបងប្អូនប្រជាកសិករ ។

 មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ការបន្តផ្ដល់ជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់ពីគ្រោះទឹកជំនន់នេះ ។

 ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន ។

 ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ត្រូវបន្តសហការគ្នាអនុវត្តន៍ឱ្យខានតែបាន នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញ ត្រូវលុបបំបាត់បង្ក្រាបរាល់ការប្រព្រឹត្តបទល្មើសផ្សេងៗ ចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើអោយភូមិ/ឃុំ ប្រែជា" ភូមិ ឃុំ ស ស្អាត " ធានាបានសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម