លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ និងផែនការសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី11 ខែតុលា ឆ្នាំ2022 ម៉ោង 8:45 នាទី ល្ងាច


ត្បូងឃ្មុំៈ នាថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២ នេះ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និង លោក ហ៊ាង សុផល ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ជូនដល់មន្ត្រីលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត លធ.ខប និងភាគីពាក់ព័ន្ធ ផងដែរ ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តត្បូងឃ្មុំ (ក្នុងបរិវេណសាលាស្រុកពញាក្រែក) មានការអញ្ជើញចូលរួមពីមន្ត្រីលេខាធិការដ្ឋាន អាជ្ញាធរក្រុង/ស្រុក អង្គការសង្គមស៊ីវិល គណបក្សនយោបាយ និងបណ្តាអង្គភាពពាក់ព័ន្ធ ។
នាឱកាសនោះ លោក ហ៊ាង សុផល បានប្រសាសន៏លើកឡើងពីរបាយការណ៍ស្ដីពីការបូកសរុបលទ្ធផលបណ្ដោះអាសន្ននៃដំណើរការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ ២០២១ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២២ ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ដល់ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២២ ទទួលបានលទ្ធផលនៃការផ្ដល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ រួមមាន ចំនួនលិខិតអញ្ជើញទទួលបានសរុប ៤៦៩,៥៦៨ សន្លឹក ចំនួនលិខិតអញ្ជើញដែលបានចែកសរុប ៣៤៩,២០៩សន្លឹក ចំនួនលិខិតអញ្ជើញដែលនៅសល់សរុប ១២០,៣៥៩សន្លឹក និងភាគរយនៃការផ្ដល់លិខិតអញ្ជើញសរុប ចំនួន ៧៤,៣៧ ភាគរយ ។


លោកប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត បានគូសបញ្ជាក់ថា តារាងស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានមានចំនួន ១,៣២០ការិយាល័យ ក្នុងនោះ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំ ឡើងទៅ មានចំនួន ៥៣៨,៩៧៩ នាក់ (ស្រី ២៧១,៤៤៦ នាក់) ស្ថានភាពអ្នកត្រូវបញ្ចុះឈ្មោះដែលមានអាយុ ទើបគ្រប់ ១៨ឆ្នាំ មានចំនួន ១១,៤២៨ នាក់ អ្នកផ្លាស់ចូល មានចំនួន ២,១៦៧ នាក់ និងអ្នកដែលប៉ាន់ស្មានមកចុះឈ្មោះបោះឆ្នោត មានចំនួន ១៧,៧៣២ នាក់ ហើយចំនួន អ្នកដែលលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦,០៦៧ នាក់ និងអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០២១ មានចំនួន ៤៦៩,៥៦៨ នាក់ ផងដែរ ។


លោក ហ៊ាង សុផល ក៏បានធ្វើការជូនដំណឹងស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលការដាក់ នឹងការទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការជាតិ ចាប់ផ្ដើមពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២២ រហូតដល់ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៣ រាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧: ០០ នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ម៉ោង ១៧:៣០នាទី នៅការិយាល័យកិច្ចការគណបក្សនយោបាយ និងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាន់ទី ០៩ ដើម្បីទទួលបានការអនុញ្ញាតជាផ្លូវការពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាមរយៈលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានី-ខេត្ត ទទួលបានសិទ្ធិសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២២ ដែលខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកសង្កេតការណ៍ជាតិនៃរាជធានី/ខេត្ត នីមួយៗ នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ព្រឹកចាប់ពីម៉ោង ៧:០០នាទី ដល់ម៉ោង ១១:៣០ នាទី និងរសៀលចាប់ពីម៉ោង ១៤:០០ នាទី ដល់ ម៉ោង ១៧:៣០ នាទី និងការដាក់ និងការទទួលពាក្យ សុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី ១៣ ខែតុលា ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ។
ថ្លែងនាឱកាសនោះដែរ ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្ត បានមានប្រសាសន៏ជំរុញដល់អាជ្ញាធរ និងស្ថាបន ពាក់ព័ន្ធក្នុងការធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតលើការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត ។


ជាងនេះ ឯកឧត្តម ក៏បានសំណូមពរដល់ អាជ្ញាធរមូលដ្ឋាន គណបក្សនយោបាយ ទាំងអស់ ត្រូវសហកាគ្នា ជាមួយបណ្តាក្រុង/ស្រុក ជម្រុញអោយប្រជាពលរដ្ឋកម្ពុជាទាំងអ្នកចំណាកស្រុក និង ចំណូលស្រុក ដែលគ្រប់អាយុបោះឆ្នោត មកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសត្រូវរួមគ្នាអនុវត្តនស្របតាមការណែនាំរបស់ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើអោយការងារការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ២០២៣ នៃរដ្ឋសភា នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម