ឯកឧត្តម គួច ចំរើនចុះទៅពិនិត្យមើលសកម្មភាព នៃការបង្រៀនសិស្សតាមប្រព័ន្ធ Onlinនៅសាលាវិទ្យាល័យហ៊ុនសែនព្រៃនប់

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី13 ខែកក្កដា ឆ្នាំ2021 ម៉ោង 8:44 នាទី ល្ងាច

ខេត្តព្រះសីនុៈ ការបង្រៀនសិស្សតាមប្រព័ន្ធ Online និងការធ្វើតេស្តនៅសាលាវិទ្យា​ល័យហ៊ុនសែនព្រៃនប់ខេត្តព្រះសីហនុក្នុងបរិបទកូវិដ-១៩ យ៉ាងរលូន បានប្រមាណ ៩០ភាគរយ ហើយ នេះបើយោងតាមគណះគ្រប់គ្រងសាលា​ថ្លែងបញ្ជាក់នា​ឪកាស​ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះ​ទៅ​​ពិនិត្យមើលសកម្មភាព នៃការបង្រៀនសិស្សតាមប្រព័ន្ធ Onlinនាព្រឹកថ្ងៃទីថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ២០២១។

        ថ្លែងទៅកាន់ឯកឧត្តម គួច ចំរើន លោក  មែន សាលីន នាយករងវិទ្យាល័យ ហ៊ុន  សែន  ព្រៃនប់បានឱ្យដឹងថា វិទ្យាល័យនេះបច្ចុប្បន្នមានអគារសិក្សាចំនួន ១​ខ្នង ៤ជាន់ស្មើនឹង ៤៨បន្ទប់ អគារទីចាត់ការ ១ខ្នង ស្មើនឹង៣បន្ទប់ ផ្ទះសម្រាប់គ្រូ-សិស្ស​ស្នាក់នៅ ២ខ្នង ស្មើនឹង ២០បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងទៀត ដែលជា​អំណោយ​ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយសម្រាប់បុគ្គលិកអប់រំសរុប ៥៩នាក់ ស្រី១៩​នាក់ ក្នុងនោះគ្រូកម្រិតឧត្តម ៣១នាក់ស្រី១០នាក់និងសិស្សសរុប ១០៩៩នាក់ ស្រី ៥៨២នាក់ ។បច្ចុប្បន្នការសិក្សារៀនសូត្ររបស់សិស្ស និងការបង្រៀនរបស់លោកគ្រូ អ្នកគ្រូ នៅបន្តដដែលដោយការបង្រៀនតាមប្រព័ន្ធពីចំម្ងាយមានដូចជា៖ (Google Meet)(Telegram)(Facbook)(E-school Google)(classroom និងការប្រឡងតេស្ត​តាម​រយៈGoogle Form) ជាមួយគ្នានោះលោក មែន សាលីន បានបន្តថាក្រៅពី​ការ​បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកខាងលើនេះ សាលាក៏មានការប្រើប្រាស់សន្លឹក​កិច្ច​ការតាមបែបប្រពៃណីគឺការបែងចែកលោកគ្រូអ្នកគ្រូចុះទៅតាមភូមិ/ឃុំ/ស្រុក ដោយ​​​​វេចខ្ចប់សន្លឹកកិច្ចការបញ្ជូន ដល់សិស្សានុសិស្សនៅតាមភូមិ/ឃុំ ធ្វើការចែកជូនដល់​សិស្ស​ដែលគ្មានស្មាតហ្វូន ពេលដែលសិស្សធ្វើកិច្ចការរួចលោកគ្រូអ្នកគ្រូទទួល​សន្លឹក​កិច្ចការពីសិស្សមកសាលារៀនវិញ ត្រូវគោរពតាមការណែនាំ​របស់ក្រសួង​សុខា​​​ភិបាល ម្យ៉ាងទៀតសិស្សដែលនៅជិតសាលា​អាចមកយកសន្លឹក​កិច្ចការនៅ​សា​​លាបាន ពេលធ្វើរួចយកមកសាលាវិញ នៅពេលដែលប្រគល់សន្លឹកកិច្ចការជូន​សា​លាត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ហ្នឹងស្ដាប់អនុសាសន៍ណែ​នាំ​របស់សម្ដេចតេជោ ៣ការពារ,៣កុំ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បាន​កោត​សរសើរដល់លោកគ្រូអ្នកគ្រូដែលបានរៀបចំកម្មវិធីបង្រៀនងាយៗដើម្បី​ផ្តល់​​ឱកាស​អោយសិស្សបានរៀនសូត្រក្នុងដំណាក់កាលដែលសាលាមិន​ទាន់​បាន​បើក​ដំណើរ​ការឡើងវិញដោយសារតែជំងឺកូវីដ-១៩ កំពុងតែរាលត្បាតជាសកល ហើយ​ទន្ទឹម​នឹង​ការខិតខំរបស់លោកគ្រូ អ្នកគ្រូ ក្នុងការជម្រុញនិងការលើកទឹកចិត្ត ព្រម​ទាំង​តាម​ដានមើលការសិក្សាពីសំណាក់មាតាបិតា អាណាព្យាបាលក៏ជា​កត្តាសំខាន់​មួយ​ទៀត ដើម្បីជម្រុញការសិក្សារបស់សិស្សទទួលបានលទ្ធផលល្អ។ ទន្ទឹមនឹង​នោះ​ ឯក​ឧត្តមបានស្នើរឱ្យលោកគ្រូ អ្នកគ្រូ ដែលពាក់ពន្ធ័ទាំងអស់ត្រូវរួមគ្នាជួយ​ជម្រុញ​តាម​ដានគ្រប់លទ្ធភាព និងមធ្យោបាយក្នុងការពង្រឹងធនធាន​យុវជនរបស់​យើង​អោយ​​​បានខ្លាំងក្លា  ដើម្បីសម្រេចនូវចក្ខុវិស័យរបស់ក្រសួងអប់​រំក្នុងការផ្តល់​ចំណេះ​ដឹង ជំនាញ ពិនប្រសប់ និងឥរយាបទថ្លៃថ្នូរសីលធម៌ល្អក្នុងសង្គម។ ជាមួយ​គ្នានោះ​ដែរ​ឯកឧត្តមអភិបាលខេត្តបានអំពាវនាវឱ្យលោកគ្រូ អ្នកគ្រូ ចូលរួមស្ដាប់​ការណែ​នាំ​របស់​ក្រសួងសុខាភិបាល ជាពិសេសអនុសាសន៍របស់សម្ដេច​អគ្គ​មហា​សេ​នាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ(៣ការ​ពារ)​(៣កុំ)៕

សូមបញ្ជាក់ផងដែរថាក្នុងឪកាសនោះផងដែរឯកឧត្តមអភិបាលខេត្ត បានធ្វើការដាំ​កូនឈើទុកជាអនុស្សាវរីយ៍ដើម្បីជំរុញទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្ស ទៀតផង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម