ឯកឧត្ដមអភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី12 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:19 នាទី ព្រឹក

 

 

(ខេត្តព្រះសីហនុ)៖ រសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រីមន្ទីរជំនាញចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទីលាននេះសម្រាប់ធ្វើព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្ត ។ 

ក្នុងឱកាសនោះឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ ស្របតាមស្តង់ដាបច្ចេកទេស និងធានាគុណភាពខ្ពស់ក្នុងកាប្រើប្រាស់បានយូរអង្វែង ព្រមទាំងរៀបចំទីតាំងតម្លើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ។ 

ទន្ទឹមនោះឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការបំផ្លិចបំផ្លាញនូវសមិទ្ធផលដែលកំពុងកើតមាននៅលើទឹកដីក្រុងព្រះសីហនុ។ ដោយសារតែកន្លងមក និងថ្មីៗនេះមានជនខិលខូចបានលួចកត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនៅតាមបណ្តោយផ្លូវលេខ៨០០ និងផ្លូវ ៨៣៥។ យើងបានខិតខំតភ្ជាប់ នៅតែមានអ្នកលួចកាត់បំផ្លាញជាបន្តបន្ទាប់ យើងខំចំណាយថវិកាធ្វើយ៉ាងច្រើន បើមិនបានចូលរួមកសាង សូមកុំមេត្តាបំផ្លាញ ព្រោះវាជាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាប្រើប្រាស់ និងសូមឱ្យអ្នកទិញ ត្រូវបញ្ឈប់ការទិញផលចោរកម្ម ដែលជាការបំផ្លិចបំផ្លាញនូវសមិទ្ធផលរបស់យើង ហើយការកាត់បំផ្លាញខ្សែភ្លើងបំភ្លឺផ្លូវនេះ វាបង្កឱ្យមានផលលំបាកក្នុងការធ្វើដំណើរនៅពេលយប់របស់ប្រជាពលរដ្ឋ និងអាចជួបគ្រោះថ្នាក់ផ្សេងៗថែមទៀតផង ដូច្នេះយើងត្រូវចូលរួមថែរក្សាសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នា ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម