លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ទទួលបានសញ្ញាបត្រ និងឯកសណ្ឋានកិត្តិបណ្ឌិត ពីរាជបណ្ឌិត្យសភាកម្ពុជា

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី22 ខែធ្នូ ឆ្នាំ2020 ម៉ោង 7:58 នាទី ល្ងាច

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំប្រតិភូបណ្ឌិតសភាចារ្យ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរាជបណ្ឌិត្យសភាកម្ពុជា នាំយកសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនដល់ លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដល់គេហដ្ឋានផ្ទាល់របស់លោកស្រី នៅរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

ពិធីទទួលសញ្ញាបត្រ និងបំពាក់ឯកសណ្ឋានកិត្តិបណ្ឌិត ជូនអ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ក៏បានការអញ្ជើញចូលរួមពីសំណាក់ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ព្រមទាំងក្រុមបញ្ញាវ័ន្ត ជាច្រើននាក់ផងដែរ។

fn-2020-12-22-17-08-52-1

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា ការផ្តល់នូវសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនអ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា គឺសាកសមបំផុតចំពោះការលះបង់មិនខ្លាចនឿយហត់របស់អ្នកស្រី ហើយជាការលើកកម្ពស់សម្រាប់ឥស្សរជនជាន់ខ្ពស់ដែលបានបំពេញកាតព្វកិច្ចជូនជាតិមាតុភូមិ។

ដោយឡែក លោក កែវ រ៉េមី បានលើកឡើងថា អ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាស្ត្រីដ៏ឆ្នើមម្នាក់ដែលសាកសមបំផុត ទទួលបានសញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ និងឯកសណ្ឋានកិត្តិបណ្ឌិត នៃរាជបណ្ឌិត្យសភាកម្ពុជា ខណៈអ្នកស្រីបានលះបង់ពេលវេលា ដែលរហូតមកដល់ពេលនេះស្នាដៃសៀវភៅរបស់លោកស្រីមានការទទួលស្គាល់យ៉ាងខ្លាំងពីសំណាក់យុវជន សិស្សានុសិស្ស និងអ្នកសិក្សាទូទាំងប្រទេសកម្ពុជា ដើម្បីយកទៅសិក្សាស្រាវជ្រាវ។

លោក កែវ រ៉េមី ក៏បានថ្លែងអំណរគុណដល់ រាជបណ្ឌិត្យសភាកម្ពុជា ដែលបានផ្តល់គោរមងារកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ ដល់អ្នកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា។ ដូច្នេះ ការផ្តល់នូវតម្លៃគោរមងារមិនអាចកាត់ថ្លៃបានដល់បញ្ញាវ័ន្តជំនាន់មុន នឹងធ្វើឱ្យបញ្ញាវ័ន្ត ខិតខំសិក្សាស្រាវជ្រាវបង្កើតស្នាដៃផ្សេងៗទៀត ដើម្បីសង្គមជាតិកម្ពុជា។

fn-2020-12-22-16-57-50-1

លោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ជាអ្នកនិពន្ធសៀវភៅ «អរិយធម៌ខ្មែរ» និងបានប្រើឈ្មោះថា «អ្នកស្រី ត្រឹង ងា» នៅលើសៀវភៅ ដែលបានបោះពុម្ពតាំងពីឆ្នាំ១៩៧៤ មកម្ល៉េះ។ សៀវភៅនេះត្រូវបានសាធារណជនទទួលស្គាល់ថា ជាប្រភពឯកសារដ៏ចម្បង និងបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់អ្នកសិក្សាថ្នាក់បញ្ចប់ ក៏ដូចជាអ្នកស្រាវជ្រាវ និងយុវជនជំនាន់ក្រោយ ក្នុងការសិក្សារៀនសូត្រ ពង្រីកចំណេះដឹង និងបន្តស្រាវជ្រាវបន្ថែមអំពីវប្បធម៌ និងអរិយធម៌ខ្មែរ។

ដោយមើលឃើញពីការលះបង់ទាំងពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ជាមួយមនសិការមោះមុតក្នុងការគាំទ្រ និងអភិរក្សវប្បធម៌និងអរិយធម៌ខ្មែរ ក៏ដូចជាការចូលរួមចំណែកបំពេញកាតព្វកិច្ចក្នុងសង្គម និងសាសនា ព្រមទាំងមានការទទួលស្គាល់ពីមហាជនគ្រប់ស្រទាប់ ជាសក្ខីភាពយ៉ាងច្បាស់ រាជរដ្ឋាភិបាលបានឯកភាព តាមរយៈរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្ដីសម្រេចនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្ដីពីការប្រគល់សញ្ញាបត្រកិត្តិបណ្ឌិត ផ្នែកអក្សរសាស្ត្រ នៃរាជបណ្ឌិត្យសភាកម្ពុជា ជូនលោកស្រី ឡាយ ហ៊ុនគី ហៅអ្នកស្រី ត្រឹង ងា ដើម្បីជាការតបស្នងចំពោះលោកស្រី ដែលបានបំពេញកាតព្វកិច្ច មានគុណបំណាច់ធំធេងក្នុងបុព្វហេតុជាឧត្ដមប្រយោជន៍នៃសង្គមជាតិ។

fn-2020-12-22-16-57-50-6

គួរបញ្ជាក់ថា លោកស្រី ឡាយ ហ៊ុនគី កើតនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៣៩ នៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបាត់ដំបង (បច្ចុប្បន្នខេត្តបន្ទាយមានជ័យ)។ គិតចាប់ពីឆ្នាំ១៩៥៧ លោកស្រីបានចាប់ផ្ដើមអាជីពជាគ្រូបង្រៀនជាលើកដំបូង នៅឯខេត្តបាត់ដំបង ហើយមួយឆ្នាំក្រោយមក លោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយលោក ត្រឹង ងា ដែលមានស្រុកកំណើតជាអ្នកស្រុកយីងចូវ ខេត្តពលលាវ កម្ពុជាក្រោម។ ក្រោយមក គេបានស្គាល់និងហៅលោកស្រីថា «អ្នកស្រី ត្រឹង ងា» ទៅតាមទម្លាប់បារាំងនាសម័យកាលនោះ។ នៅឆ្នាំ១៩៦២ លោកស្រី បានបន្តការសិក្សានៅវិទ្យាស្ថានជាតិគរុកោសល្យផ្នែកអប់រំសាស្ត្រាចារ្យរហូតដល់ឆ្នាំ១៩៦៦ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរ និងក្លាយជាគ្រូបង្រៀនផ្នែកវប្បធម៌និងអរិយធម៌នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រហូតបានបោះពុម្ពសៀវភៅអរិយធម៌ខ្មែរនៅឆ្នាំ១៩៧៤៕

fn-2020-12-22-16-57-50-0

fn-2020-12-22-16-57-50-5


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម