អបអរសាទរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធាន បទ "ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើ សកម្ម ភាពដោយមិនឈប់ឈរឡើយ".!

ព័ត៌មានសង្គមថ្ងៃពុធ ទី22 ខែធ្នូ ឆ្នាំ2021 ម៉ោង 3:18 នាទី ល្ងាច

ខេត្តព្រះសីហនុ៖ ក្នុងតួនាទីជាជំនួយ ការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានយកចិត្តទុកដាក់ណែនាំនិងតម្រង់ទិស ជាពិសេសអ្នកស្ម័គ្រចិត្ត ដែលជាប្រតិបត្តិករនៅមូលដ្ឋានផ្ទាល់នឹងជាកម្លាំងស្ម័គ្រចិត្តចូលរួមបំពេញ ការងារដោយក្ដីស្រឡាញ់ និងស្នាមញញឹម ។

ដើម្បីអបអរសាទរទិវា អន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២១ ក្រោមប្រធានបទស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតរបស់យើង-ទាំងអស់គ្នាបន្តធ្វើសកម្មភាពដោយមិនឈប់ឈរឡើយ នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានរៀបចំទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមអធិបតីភាព ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខា ព្រមទាំងមាន ការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា-អនុសាខា អ្នកស្ម័គ្រចិត្ត ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណមជ្ឈមណ្ឌល ពិភពមង្គល ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ លោកជំទាវ ប្រាក់ ច័ន្ទសុខា ហេរញ្ញិកគណៈកម្មាធិកាសាខាបានអានសារលិខិតទាំងស្រុងរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារនិងអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ដ៏ប្រសើរថ្លៃថ្នានេះ ក្នុងព្រះបរមនាម ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស សូមថ្លែងការកោតសរសើរ និងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បង-ប្អូនជាអ្នកស្ម័គ្រចិត្តទាំងអស់ នៅក្នុងគ្រប់កាលៈទេសៈ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានពាំនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនថ្នាក់ដឹកនាំ មន្ត្រីពាក់ព័ន្ធនានា បង-ប្អូនអ្នកស្ម័គ្រចិត្ត ទាំងអស់ ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌នៅទូទាំងខេត្តព្រះសីហនុ។

ឯកឧត្តម អនុប្រធានកម្មាធិការសាខា បានបន្ថែមទៀតថា ដើម្បីអបអរទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ ធ្នូ នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តតែងតែរៀបចំពិធីនេះធ្វើឡើងក្នុងគោលបំណង កោតសរសើរ និងថ្លែងអំណរគុណ ការខិតខំប្រឹងប្រែងរបស់អ្នកស្ម័គ្រចិត្តទាំងអស់ និងគ្រប់ស្ថាប័ន អង្គការនានា ដែលបានបំពេញភារកិច្ចជួយដល់ជនរងគ្រោះ និងងាយរងគ្រោះបំផុត ។ ឯកឧត្តម អនុប្រធានបានបន្តទៀតថា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាមិនត្រឹមមាននៅតាមសហគមន៍នោះទេ ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា និង ថ្នាក់ដឹកនាំគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៥ ក៏ជាអ្នកស្ម័គ្រចិត្ត ដែលបានប្រឹងប្រែងទំាងកម្លាំងកាយចិត្ត និងចំណាយពេលវេលាផ្ទាល់ខ្លួនដោយមិនខ្លាចនឿយហត់ដោយគ្មានប្រាក់បៀវត្សនោះទេ មិនត្រឹមតែប៉ុណ្ណោះបានចំណាយថវិកាផ្ទាល់ខ្លួនសម្រាប់ការងារមនុស្សធម៌ថែមទៀតផង ។

ក្នុងនោះដែរសម្ភារៈបានផ្តល់ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន២៦៧នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ម៉ាស ១កញ្ចប់ ជែល ១ដប (៥០០ml) ទឹកសុទ្ទ ១កេស ទឹកក្រូច ១កេស ឃីត១ (សារុង១ ក្រម៉ា១ ម៉ុង១ ភួយ១) និងថវិកាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន ១០ម៉ឺនរៀល៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម