ភាពខ្មៅងងិត ក្នុងប្រជាធិបតេយ្យអាមេរិក ឥឡូវនេះ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី12 ខែមករា ឆ្នាំ2021 ម៉ោង 2:20 នាទី ល្ងាច

អាមេរិក៖ សហរដ្ឋអាមេរិកដែលធ្លាប់តែតាំងខ្លួនជាបិតាប្រជាធិបតេយ្យ ហើយតាំងខ្លួនជាគ្រូបង្រៀនគេឯងជុំវិញពិភពលោក ឥឡូវនេះបានឈានដល់ដំណាក់កាល ដ៏អាប់ឱនបំផុត ហើយអាចប្រើពេលយូរ ប្រឈមដោះស្រាយបញ្ហាផ្ទៃក្នុង ដ៏គ្រោះថ្នាក់របស់ខ្លួនឯង។ ការណ៍នេះ ក្លាយជាពាក្យលេងសើចការពិតថា៖ «ប្រដៅគេកុំឲ្យខ្លាចប្រពន្ធ តែការពិតខ្លួនឯង ខ្លាចជាងគេទៅទៀត! sic»។

at3dfr1610266257365IMG_5008

វិបត្តិនយោបាយបច្ចុប្បន្នរបស់មហាអំណាចមួយនេះ គឺលើសពីរឿងខ្លាចប្រពន្ធ រហូតដល់អតីតប្រធានាធិបតី អូបាម៉ា ចាត់ទុកថា៖ «ជារឿងដ៏អាម៉ាស់បំផុត សម្រាប់អាមេរិក»។ ចាប់តាំងពីឆ្នាំ២០១៩ បក្សប្រជាធិបតេយ្យ ដែលចេញមុខដោយលោកស្រី Nancy Pelosi ជាប្រធានសភា បានដឹកនាំចលនាទម្លាក់ (impeachment) លោកប្រធានាធិបតី ដូណាល់ ត្រាំ។ យុទ្ធនាការចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែការប៉ុនប៉ងនេះបរាជ័យនៅក្នុងព្រឹទ្ធសភា ដោយសារសំឡេងនៃបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ ច្រើនជាង។ ការណ៍នេះ មើលមួយភ្លែតជាទំនាស់បុគ្គល ដែលគេមិនឲ្យតម្លៃ និងមិនជឿលើការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប៉ុន្តែ វាក៏ជាទំនាស់រវាងគណបក្ស ដែលត្រូវការពារកិត្យានុភាពនៃបក្សរបស់ខ្លួន ក្នុងការបន្តឱកាសដឹកនាំសហរដ្ឋអាមេរិក។ បើបុគ្គលចាញ់ នោះមានន័យថា គណបក្សទាំងមូលត្រូវចាញ់។ ការផ្ចាញ់ផ្ចាលគ្នាក្នុងប្រព័ន្ធនយោបាយអាមេរិក មិនបានចប់ត្រឹមនោះទេ។ បើមើលឲ្យជ្រៅ អាមេរិក គឺចេះគុំគួន និងសងសឹកគ្នាដែរ។

1_2

វិញ្ញាសារថ្មីដែលបង្ហាញពីវិន័យ និងសាមគ្គីភាពរបស់ប្រជាជនអាមេរិក កម្រិតណានោះ គឺឆ្លុះបញ្ចាំងតាមរយៈការចូលមកដល់ថ្មីនៃជំងឺរាតត្បាតកូវីដ១៩។ ជំងឺនេះ ក៏បានដើរតួនាទីធំណាស់ ក្លាយជាម៉ែត្រវាស់ឆ្លុះបញ្ចាំងសមត្ថភាពដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។ សហរដ្ឋអាមេរិក ក្លាយជាប្រទេសទី១លើពិភពលោក ដែលមានអ្នកឆ្លងច្រើនបំផុត និងមានអត្រាអ្នកស្លាប់ច្រើនបំផុត។ ស្របពេលជាមួយគ្នា រដូវកាលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីបានមកដល់។ គណបក្សសាធារណរដ្ឋបានផ្តល់សេចក្តីទុកចិត្តឲ្យលោក ដូណាល់ ត្រាំ បន្តជាឈរបេក្ខភាពក្នុងការប្រកួតប្រជែង។ ប៉ុន្តែទីបំផុត លទ្ធផលខុសពីការរំពឹងទុក ហើយលើសពីនេះ សហរដ្ឋអាមេរិកដ៏អស្ចារ្យ បានធ្លាក់ក្នុងវិបត្តិ ដែលអាក្រក់និងអាប់ឱនបំផុតចំពោះប្រជាជាតិខ្លួនឯង និងមុខមាត់ទៅកាន់ពិភពលោក។ យើងសាកល្បងពិនិត្យបញ្ហាធំៗចំពោះមុខ ដែលអាមេរិកនឹងត្រូវប្រឈម៖

cpsh21610266257359IMG_4911

ទី១. ការផ្ទេរអំណាចដែលមិនពេញមុខពេញមាត់៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ គឺនឹងមានពិធីផ្ទេរអំណាចប្រធានាធិបតីជាប់ឆ្នោតថ្មីជូនលោក ចូ បៃដិន។ ច្បាស់ណាស់លោក ដូណាល់ ត្រាំ នឹងមិនផ្តល់កិត្តិយស មិនផ្តល់មុខមាត់ឲ្យលោក ចូ បៃដិន នោះទេ ដោយលោកបដិសេធមិនចូលរួមពិធី។ នេះជាការបំបាក់មុខធំណាស់ ហើយជាការផ្ញើសារទៅកាន់ពិភពលោកនៃរូបភាពបែកបាក់ដ៏ធំ នៃភាពដឹកនាំរបស់មហាអំណាចមួយ។

ទី២. បញ្ហាអសន្តិសុខដែលអាចកើតមានប្រកបដោយភាពគ្រោះថ្នាក់៖ បើទោះបីនៅសល់តែប្រមាណ១០ថ្ងៃសោះ នឹងផុតអាណត្តិនៃការដឹកនាំ ប៉ុន្តែការប៉ុនប៉ងជាថ្មីក្នុងការបំបាក់មុខលោក ដូណាល់ ត្រាំ តាមវិធានការទម្លាក់ (impeachment) ចេញពីតំណែង គឺបង្កើតស្ថានភាពទ្វេគ្រោះ នោះគឺបាតុកម្មនិងកុបកម្ម អាចនឹងផ្ទុះឡើងចំថ្ងៃពិធីផ្ទេរអំណាច ដើម្បីបំបាក់មុខប្រធានាធិបតីថ្មី ហើយអាចនឹងបង្កអសន្តិសុខ ដែលអ្នកស្រាវជ្រាវខ្លះបារម្ភថា អាចនឹងឈានដល់កើតមានសង្គ្រាមស៊ីវិល។ ថ្មីៗនេះ លោកស្រី Nancy Pelosi បានទាក់ទងទៅរដ្ឋមន្ត្រីការពារជាតិ មិនឲ្យលោក ត្រាំ ប្រើលេខកូដបញ្ជាអាវុធនុយក្លេអ៊ែរនោះទេ។ ប៉ុន្តែ ចម្លើយតបវិញគឺ លោក ត្រាំ នៅតែជាអគ្គមេបញ្ជាការ ហើយការប៉ុនប៉ងហាមឃាត់បែបនេះ គឺជារដ្ឋប្រហារយោធា។

ទី៣. ការបែកបាក់ញែកគ្នានៅក្នុងសង្គមអាមេរិក ដែលពិបាកផ្សះផ្សា និងបង្រួបបង្រួម៖ ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់អំណាច គេបានវាយតម្លៃថាតាមទិដ្ឋភាពជាក់ស្តែង គឺសង្គមអាមេរិកបែកបាក់ធ្ងន់ធ្ងរជាថ្មី ជាពិសេសការរើសអើងពូជសាសន៍រវាងស្បែកខ្មៅ និងពួកស្បែក ស។ ការរើសអើងពូជសាសន៍ កំពុងដើរតួនាទីស្នូលក្នុងបញ្ហាអាមេរិកបច្ចុប្បន្ន។ ពួកស្បែក ស ស្តាំនិយម តែងតែចាត់ទុកថា មានតែក្រុមខ្លួន ដែលមានសមត្ថភាពនិងស័ក្តិសមដឹកនាំប្រទេសមួយនេះ។ ពណ៌សម្បុរក្រៅពីនេះ គឺជាវណ្ណៈភាពផ្សេង។ សាស្ត្រាចារ្យម្នាក់ជាជនជាតិអាមេរិក បាននិយាយថា ទំនាស់ពូជសាសន៍នៅអាមេរិក ដុះឡើងវិញប្រកបដោយគ្រោះថ្នាក់។

ទី៤.អាមេរិកបាត់បង់តម្លៃជាជើងឯកពិភពលោកខាងប្រជាធិបតេយ្យ៖ ភាសារបស់លោក ដូណាល់ ត្រាំ និយាយថា «មានការបន្លំលួចសន្លឹកឆ្នោត» មិនមែនជាការតវ៉ាដើម្បីតែសន្លឹកឆ្នោតនោះទេ ប៉ុន្តែគឺជាភាសាដែលបំផ្លាញចោលជំនឿទុកចិត្តនៃប្រព័ន្ធបោះឆ្នោតរបស់អាមេរិកតែម្តង។ អាមេរិក បានបិទបណ្តាញសង្គម ដែលជាទីលានវេទិកាបញ្ចេញមតិ ដោយគ្មានប្រើច្បាប់ គឺប្រើត្រឹមតែប៊ូតុងនៃបច្ចេកវិទ្យាបិទចោលតែម្តង ហើយកុំថាឡើយត្រឹមបណ្តាញសង្គមគ្មានអត្តសញ្ញាណ សូម្បីបណ្តាញសង្គមរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ត្រូវបិទចោលដែរ។ តម្លៃការបោះឆ្នោត និងសិទ្ធិបញ្ចេញមតិគឺត្រូវបិទ។ លើសពីនេះ រដ្ឋសភា ដែលជាព្រលឹងតំណាងឲ្យផលប្រយោជន៍ប្រជាជនអាមេរិក គឺត្រូវបានប្រែក្លាយជារោងល្ខោនសម្តែងបាតុកម្មនិងកុប្បកម្ម។

ទី៥. អាមេរិកបាត់បង់ឱកាសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការប្រកួតប្រជែងឥទ្ធិពលការបរទេស៖ ផែនការស្តារប្រទេសក្នុងរយៈពេល១០០ថ្ងៃដំបូង ប្រហែលជានឹងមិនទៅដោយរលូនទេ ពីព្រោះវិញ្ញាសារចំពោះមុខមានច្រើនពេកសម្រាប់ប្រធានាធិបតីថ្មី ទាំងបញ្ហាកូវីដ ការបាត់បង់ការងារ បញ្ហាអន្តោប្រវេសន៍ ជាពិសេសគឺការដោះស្រាយចំពោះការតវ៉ានានា និងវិបត្តិផ្ទៃក្នុងដែលបន្សល់ពីលោក ដូណាល់ ត្រាំ។ នៅពេលនេះ អាមេរិកជួបរឿងរ៉ាវដែលបណ្តាប្រទេសនៅអឺរ៉ុបចាប់ផ្តើម «ប្រដៅ» អំពីប្រជាធិបតេយ្យអាមេរិក។ មេដឹកនាំអាឡឺម៉ង់ បារាំង អង់គ្លេស និងអង្គការណាតូ ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក បានចេញមុខប្រដៅអាមេរិកកប់មាត់ លើរបៀបដោះស្រាយបញ្ហាក្រោយការបោះឆ្នោត និងការផ្ទេរអំណាច។ ធនាគារពិភពលោក បានព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកមានកំណើនរង្វង់៣ភាគរយ ខណៈមហាអំណាច ចិន មានកំណើនសេដ្ឋកិច្ចរង្វង់ ៧,៨ភាគរយ។ ដូច្នេះ សេដ្ឋកិច្ច នឹងដើរតួថ្មីដ៏សកម្ម ក្នុងការកំណត់ទិសនយោបាយរបស់ពិភពលោក ហើយដែលត្រូវបន្តតាមដានដោយយកចិត្តទុកដាក់។

2dhcu1610266257363IMG_4937

ទី៦. ការបាត់បង់មុខមាត់និងតម្លៃអាមេរិកនៅលើពិភពលោក៖ អ្វីៗដែលកន្លងមក អាមេរិក ដើរសាបព្រួសនៅជុំវិញពិភពលោក បានក្លាយជា «ការបាចអង្កាមបញ្ច្រាសខ្យល់»។ ឥឡូវនេះ អំពើទាំងអស់ត្រឡប់ទៅកើតឡើង នៅក្នុងសង្គមអាមេរិកតែម្តង។ អាមេរិក យល់ថា បច្ចេកវិទ្យាបណ្តាញសង្គម ជាវេទិកាសេរីភាព និងការបញ្ចេញមតិ ឥឡូវអាមេរិក កំណត់មុខសញ្ញា ហើយបិទចោល។ អាមេរិក បង្រៀនថា បាតុកម្មជាសិទ្ធិសេរីភាព ឥឡូវអាមេរិក ចាត់ទុកជាភេរវកម្ម កំណត់មុខសញ្ញា ហើយតាមចាប់ខ្លួន ឬបណ្តេញចេញពីការងារ។

យើងគ្មានសមត្ថភាពប្រដៅនរណា អំពីបញ្ហារបស់គេនោះទេ។ យើងយល់ដឹងមិនអស់ទេ ហើយយើងក៏គ្មានបំណងសើចយំលើបញ្ហារបស់អ្នកដទៃនោះដែរ។ ការងើបឡើង និងការធ្លាក់ចុះនៃមហាអំណាចមួយ គឺបង្រៀនយើងលើសពីបញ្ហានយោបាយ នោះគឺ «ច្បាប់ធម្មជាតិ និងច្បាប់នៃទំនាស់»។ ដូច្នេះ ការស្វែងយល់ អំពីការវិវត្តន៍នៅទីនោះ នឹងមានអត្ថប្រយោជន៍ ជាតម្រុយបំភ្លឺកាន់តែច្បាស់ៗទៅ អំពីតម្លៃនៃមនុស្សជាតិ និងអំពីតម្លៃរបស់យើង។ យើងអាចចែករំលែកបាននូវ បាលី «គ្រប់គ្រងបញ្ហា ការពារវិបត្តិ» ពីព្រោះវាមានសារៈសំខាន់សម្រាប់ការដឹកនាំគ្រប់ទីកន្លែង មិនថានៅទីនោះជាប្រទេសធំ ឬជាប្រទេសតូចនោះទេ ប៉ុន្តែបាលីនេះ បញ្ជាក់អំពីសមត្ថភាពទេពកោសល្យរបស់ «មេដឹកនាំ» ក្នុងការដឹកប្រទេសជាតិ មិនត្រឹមអាចគេចផុតពីបញ្ហានានា ប៉ុន្តែប្រជាជនបានសុខសំបូរសប្បាយ និងមានឱកាសកសាងបាននូវកិត្យានុភាព និងឧត្តមភាពជាតិថែមទៀត៕

ដោយ៖ សេនាជាតិ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម