អត្ថបទ សាវុឌ្ឍ៖
រ៉យទ័រចុះផ្សាយថា តុលាការប្រទេសវៀតណាមបានកាត់ទោសអ្នកកាសែតឯករាជ្យចំនួន ៣ នាក់ ១១-១៥ ឆ្នាំ ពីបទរកឃើញថាមានកំហុសក្នុងការផ្សព្វផ្សាយការប្រឆាំងនឹងរដ្ឋ ។
នៅក្នុងការជំនុំជម្រះរយៈពេល ១ ថ្ងៃនៅទីក្រុងហូជីមិញ លោក ផាម ជីហ៊្វុង ស្ថាបនិកសមាគមក្រុមអ្នកកាសែតឯករាជ្យវៀតណាម, ង្វៀន ទាងធ្វី អតីតនាយទាហាន និង ឡេ ហិវមីង តួន សមាជិកសមាគម មានពិរុទ្ធភាពចំពោះការរៀបចំផ្សព្វផ្សាយព័ត៌មានសម្ភារៈ សម្រាប់គោលបំណងប្រឆាំងនឹងរដ្ឋាភិបាល (ក្រសួងមហាផ្ទៃវៀតណាមនិយាយ)។ អ្នកទាំង ៣ នាក់ជាអ្នកអំពាវនាវរកប្រជាធិបតេយ្យ ។
ទោះជាវៀតណាមបានដំណើរការកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយក៏ដោយ និងបើកចំហពីការប្រែប្រួលសង្គម ប៉ុន្តែបក្សកុម្មុយនិស្តដែលគ្រប់គ្រងប្រទេសវៀតណាម នៅតែរឹតបន្តឹងអ្នកសារព័ត៌មានយ៉ាងតឹងរឹងបំផុត រួមទាំងការវិភាគបន្តិចបន្តួច ។
បក្សកុម្មុយនិស្តវៀតណាមដែលដឹកនាំដោយ ង្វៀន ភូជុង អាយុ ៧៦ ឆ្នាំ បានបង្កើនការបង្ក្រាបលើអ្នកប្រឆាំងនៅមុនមហាសន្និបាតរបស់គណបក្សដែលគ្រោងធ្វើនៅចុងខែនេះ។
លោក ហ៊្វុង ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៥ ឆ្នាំ ហើយលោក ធ្វី និងលោក តួន ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ ឆ្នាំ ។ ពួកគេសរសេររបាយការណ៍បង្ខូចទ្រង់ទ្រាយ និងបរិហាកេរ្តិ៍ដល់រដ្ឋបាលសាធារណៈ និងរំលោភផលប្រយោជន៍របស់បក្សកុម្មុយនិស្តវៀតណាម និងរដ្ឋ ។
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា សេចក្តីសម្រេចនេះបានគូសបញ្ជាក់ពីការមើលងាយរបស់រដ្ឋាភិបាលចំពោះសេរីភាពសារព័ត៌មាន ជាពិសេសនៅមុនមហាសន្និបាត ។
លោក Phil Robertson នាយករងនៃអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំតំបន់អាស៊ីបាននិយាយថាការចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតគឺមិនពិតទេ ៕