ឧត្តមសេនីយ៍ទោ សេង ធារិន និងក្រុមការងារចម្រុះ ចុះត្រួតពិនិត្យការងារ តាមខ្សែបន្ទាត់ព្រំដែនទិស១ បន្ទាយមានជ័យ ជាពិសេសនោះបានណែនាំឲ្យពលករទើបមកពីថៃ ត្រូវចូលរួមការពារកូវីដ១៩

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី21 ខែធ្នូ ឆ្នាំ2020 ម៉ោង 7:50 នាទី ល្ងាច

បន្ទាយមានជ័យ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការ រួមជាមួយលោកឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថបន្ទាយមានជ័យ នឹងក្រុមការងារចម្រុះ បានអញ្ជើញចុះត្រួតពិនិត្យការងារ តាមខ្សែបន្ទាត់ព្រំដែនទិស១ បន្ទាយមានជ័យ ជាពិសេសនោះបានណែនាំឲ្យពលករទើបមកពីថៃ ត្រូវចូលរួមការពារកូវីដ១៩ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ។

fn-2020-12-21-19-20-16-3

ក្នុងឱកាសចុះត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបានក្រើនរំលឹកដល់ពលករដែលឆ្លងដែនមកនាពេលនេះ ត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល គឺពាក់ម៉ាសរក្សាគម្លាតសង្គម គម្លាតសុវត្ថិភាព ១ម៉ែត្រកន្លះឡើងទៅ ឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែលឲ្យបានញឹកញាប់ និងត្រូវយកចិត្តទុកដាក់តាមដានសុខភាព ហើយធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល។ បើមានបញ្ហាសុខភាពសូមទាក់ទងទៅគ្រូពេទ្យដែលប្រចាំការ ឬទាក់ទងទៅលេខ១១៥ ជាបន្ទាន់។

សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៥ល្ងាចនេះ ពលករខ្មែរដែលឆ្លងដែនចូលមកទឹកដីកម្ពុជាតាមច្រកអូរបីជាន់ មានចំនួនសរុប ១៨៣នាក់ ហើយត្រូវបានកម្លាំងកងទ័ពដឹកជញ្ជូនមកកាន់មណ្ឌលសុខភាពទី១ ជិតរង្វង់មូលប៉ោយប៉ែត ដើម្បីយកសំណាក់ នឹងធ្វើចត្តាឡីស័ក។

fn-2020-12-21-19-20-15-0

 

នៅព្រលប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេស និងបន្ទាន់មួយជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសថៃ។

សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ សូមកុំមានភ័យខ្លាចអំពីបញ្ហានេះ និងសូមបន្តរស់នៅនិងធ្វើការនៅទីនោះ ព្រមទាំងគោរពតាមការណែនាំរបស់អាជ្ញាធរថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពីវិធានការការពារបងប្អូនពលករ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ព្រមទាំងការផ្អាកបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅធ្វើការងារនៅប្រទេសថៃ ជាបណ្តោះអាសន្ន ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខន។

fn-2020-12-21-19-20-16-8

សូមបញ្ជាក់ថា អាជ្ញាធរសុខាភិបាលថៃបានប្រកាសនៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកឆ្លងជំងឺ COVID-19 ថ្មីៗសរុប ៣៨២នាក់ទៀត ត្រូវបានរកឃើញបន្ថែមទៀត ដោយក្នុងចំណោមអ្នកឆ្លងទាំងនោះ ភាគច្រើនបំផុតគឺជាពលករចំណាកស្រុក ដែលស្ថិតនៅក្នុងខេត្ត សាមុត សាខន (Samut Sakhon) ភាគនិរតីប្រទេសថៃ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន CNA។

កាលពីថ្ងៃអាទិត្យម្សិលមិញ អាជ្ញាធរសុខាភិបាលថៃបានប្រកាសថា ពួកគេនឹងធ្វើតេស្តលើមនុស្សសរុប ១០,០០០នាក់ បន្ទាប់ពីការផ្ទុះករណីឆ្លង COVID-19 យ៉ាងគំហុកចំនួនជាង ៥០០នាក់ ដែលពាក់ព័ន្ធនឹងកន្លែងលក់អាហារសមុទ្រមួយ នៅក្នុងខេត្ត Samut Sakhon។ សម្រាប់ខេត្តនៅស្ថិតនៅក្បែរខាងដូចជា សាមុត សុងក្រាម (Samut Songkhram) និង ណាខន ផាធំ ( Nakhon Pathom) ក៏មានអ្នកជាប់ពាក់ព័ន្ធ ដែលត្រូវប្រមូលយកទៅធ្វើតេស្តរក COVID-19 ផងដែរ។

fn-2020-12-21-19-20-15-1

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ប្រទេសថៃមានករណីឆ្លងជំងឺ COVID-19 សរុប ៥,២៨៩ករណី ក្នុងនោះស្លាប់ ៦០នាក់ និងជាសះស្បើយវិញ ៤,០៥៣នាក់៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម