ទោះមិនមានកូវីដ-១៩ ក៏សម្តេចតេជោ ហ៊ុន សែន ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ ព័ត៌មានចុងក្រោយ គ្មានអ្នកឆ្លង

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី05 ខែវិច្ឆិការ ឆ្នាំ2020 ម៉ោង 8:29 នាទី ព្រឹក

បន្ទាប់ពីបានទទួលព័ត៌មានប្រធានប្រតិភូហុងគ្រី មានមេរោគកូវីដ-១៩ នៅប្រទេសថៃ ក្រុមគ្រូពេទ្យនៃក្រសួងសុខា ភិបាលកម្ពុជា បានរួសរាន់ប្រមូលអ្នកក្រុមការងារដែលមានទំនាក់ទំនងជាមួយ យកសំណាកទៅធ្វើតេស្តជាបន្ទាន់ ក្នុងនេះក៏មានក្រុមគ្រួសាររបស់សម្តេចផងដែរ ។ បន្ទាប់មកសម្តេចនាយរដ្ឋមន្ត្រី ក៏បានបង្ហោះសារមួយជូនជនរួមជាតិ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

 

បន្ទាប់ពីទទួលបានព័ត៍មានថារដ្ឋមន្ត្រី ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅ ថ្ងៃទី៣វិច្ឆិកា២០២០  ម្សិលម៉ិញមានវិជ្ជមានកូវីដ១៩  ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបានប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់ទំនងទាំងអស់ដើម្បីយកសំណាកទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។

ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំ និងភរិយា ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់ លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩ នោះទេ។

 ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ ក្តី តែដើម្បីសុវត្ថិភាពទាំងអស់គ្នា គ្រូពេទ្យតម្រូវឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ  សូម្បីតែភរិយា កូន  និងចៅក៏មិនអាចជួបបានដែរ។

 ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គព្រះមហាក្សត្រ និងហ្លួងម៉ែដែលទួលព្រះបង្គំមិនអាចដង្ហែរព្រះអង្គយាងមកពីសាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាបាន។

 

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យ ដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជនិងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់តំណាងទៅចែកជំនួស។ សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ ១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។

 សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងដៃគូពាក់ព័ន្ធទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបានដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២ ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃ តែខ្ញុំនៅតែបំពេញការងារ ដោយពិនិត្យសម្រេចនិងចុះហត្ថលេខាលើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្ត និងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធនៅតែអាចរាយការណ៍ ឬសុំយោបល់ខ្ញុំបានដដែល។ ខ្ញុំនៅតែអាចហាត់ប្រាណ រាប់ទាំងវាយកូនគោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។

នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាពនិងសុខភាពទាំងអស់គ្នា។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ ៕

ព័ត៌មានចុងក្រោយ ជាដំណឹងល្អៗ លទ្ធផលធ្វើតេស្តរដ្ឋមន្រ្តី និងមន្រ្តីៗទាំងអស់ដែលពាក់ព័ន្ធគណៈប្រតិភូរបស់រដ្ឋមន្រ្តីការបរទេស ហុងគ្រី លទ្ធផល «អវិជ្ជមាន» បូករួមទាំងបុគ្គលិក FN របស់យើងដែរ (ធ្វើតេស្តថ្ងៃនេះសរុបចំនួន​៦២៨​នាក់) ។ 

តាមពិសោធន៍  ជំងឺកូវីដ-១៩ ដែលទើបឆ្លង មិនអាចមានលទ្ធភាពចម្លងទៅអោយអ្នកដទៃឡើយ ទី១ និងទី២ ចំណុច​កត់សម្គាល់ធំជាងគេ និងសំខាន់ជាងគេករណីរដ្ឋមន្រ្តីការបរទេសហុងគ្រី គឺគណៈប្រតិភូអមដំណើរដែលជិះយន្តហោះ និងនៅជិតគាត់ទាំងអស់ មិនមានអ្នកឆ្លងពីគាត់ឡើយ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម