អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន...

ព័ត៌មានសង្គមថ្ងៃពុធ ទី11 ខែតុលា ឆ្នាំ2023 ម៉ោង 5:40 នាទី ល្ងាច

(ខេត្តបន្ទាយមានជ័យ) : កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនឹងវត្ថុតាងមួយចំនួន នៅចំណុចកាស៊ីណូផារ៉ាមិច ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ អុឹង ឈុនឡុង ហៅ លិក ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្នផ្ទះជួល ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ សម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់២,៨៨ក្រាម ,គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន៣១គ្រាប់ ទម្ងន់ ៣,៨២ក្រាម,កូនជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង (ម៉ាកM3 200G/0.01G),កូនកាបូបប៉ារ៉ា ចំនួន០១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា មុនឈានដល់បង្រា្កបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលសេចក្តីរាយការណ៍ពីសន្តិសុខយាមកាស៊ីណូផារ៉ាមិចថា មានករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ភ្លាមៗកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ចំណុចកើតហេតុខាងលើ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងចាប់យកវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។

ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារ ភាពថា រូបគេពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលេីចម្លេីយសារភាព និងវត្ថុតាង ជាក់ស្តែង ជនសង្ស័យ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្ត ចាត់ការបន្ត។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី១១ ខែតុលា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ៕

ព័ត៌មានទាន់ហេតុការណ៍ដោយ៧៨ ហុីង ចាន់ថន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម