រដ្ឋបាលខេត្តប្រារព្ឋទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣”

ព័ត៌មានសង្គមថ្ងៃសុក្រ ទី05 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:55 នាទី ល្ងាច

 ខេត្តព្រះសីហនុ៖ ការបង្កើនឧត្តមភាពប្រកួតប្រជែងនិងការធានាចីរភាពនៃការអភិវឌ្ឍន៏ ឈរលើមូលដ្ឋានគ្រឹះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់ នេះបើយោងតាមការថ្លែងបញ្ជាក់របស់ ឯកឧត្តម ម៉ាង ស៊ី ណេត អភិបាលរងខេត្តព្រះសីហនុ។

 

 ឯកឧត្តម បានថ្លែងបែបនេះនៅក្នុងទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ “ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” អមជាមួយការប្រកាស “ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣” កាលពីព្រឹកថ្ងៃទី៤វិច្ឆិកាឆ្នាំ២០២១នៅឆ្នេរអូឈើទាលក្រុងព្រះសីហនុ  ដោយក្នុងឪកាសនោះផងដែរ  ឯកឧត្តមបានសង្កត់ធ្ងន់ថាក្នុងស្មារតីនេះ ឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត“ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត” និង“ទីក្រុងស្អាត ដើម្បីទេសចរណ៍” ក្នុងនាមរដ្ឋាភិបាល ខេត្តឯកឧត្តមសូមឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋត្រូវ៖

ទី១. បន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជនក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរ។

ទី២.សហគ្រិន/និយោជក (គំរូអាជីវកម្មថ្មី)៖ សហគ្រិននិយោជកគួរគិតគូរ អំពីគំរូអាជីវកម្មប្រភេទថ្មីជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ខណៈដែលបច្ចុប្បន្ននេះសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មី ដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវវិធីសាស្ត្រអនុវត្តថ្មី ទម្លាប់ថ្មី ការរស់នៅ និងជីវិតថ្មី។ ត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារដែលនៅពេលខាងមុខ ទីផ្សារនេះនឹងកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។

ទី៣. អាជ្ញាធរមូលដ្ឋាន៖ ត្រូវចូលរួមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍បានកាន់តែសកម្មស្របតាមយុទ្ធនាការ “ទីក្រុងស្អាត៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើមៗសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវិដ-១៩។

ទី៤. ប្រជាពលរដ្ឋ៖ ត្រូវបន្សាំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹងនិងជ្រាបអំពីឥទ្ធិពលនិងផលប៉ះពាល់ និងវិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋក៏គួរតែត្រូវខិតខំចាប់យកនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ (រៀនអនឡាញ. ទិញអនឡាញ...។ល។)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម