ការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល គឺជាអាវក្រោះដ៏ស័ក្តិសិទ្ឋក្នុងការទប់ស្កាត់ជំងឺកូវិត១៩

ព័ត៌មានសង្គមថ្ងៃពុធ ទី04 ខែសីហា ឆ្នាំ2021 ម៉ោង 8:17 នាទី ល្ងាច

ខេត្តព្រះសីហនុៈឯកឧត្តមអភិបាលខេត្ត អំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ និង​ក្មួយ​ៗត្រូ​វចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល រក្សាគម្លាត​សុវត្ថិ​ភាពនិងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺ៣កុំ៣ការពារ ឱ្យ​បានខ្ជាប់ខ្ជួន ទើបយើងអាចចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺដ៏​កាចសា​ហាវ​នេះ​បាន។

        ការថ្លែងបែបនេះបានធ្វើឡើងក្នុងឪកាស ឯកឧត្តម អភិបាល​អញ្ជើញចុះ​ត្រួត​ពិនិត្យដំ​ណើរការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យដែលមានអាយុចាប់​ពី១២​ឆ្នាំ​ទៅ​​ដល់​ក្រោម​​១៨ឆ្នាំ ក្នុងភូមិសាស្រ្តស្រុកព្រៃនប់ មានឃុំអូរឧកញ៉ាហេង ឃុំសំរុង ឃុំ​ជើង​គោ និងឃុំទឹកល្អក់ នៅថ្ងៃទី០៤ខែសីហាឆ្នាំ២០២១ឯកឧត្តម គួចចំរើន អភិ​​បាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។ក្នុងឪកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថារដ្ឋបាលខេត្តបាន​ដាក់​ចេញ​នូវ​ផែនការលម្អិតបន្ថែម ដោយចាត់ក្រុមគ្រូពេទ្យ និងក្រុមការងារយុវជន ដើម្បី​​ចាត់​ចែងទទួលបងប្អូនប្រជាពលរដ្ឋ និងក្មួយៗកុមារទាំងអស់ ឱ្យមាន​សណ្តាប់​ធ្នាប់ ស្របតាមគោលការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍ «៣ការ​ពារ និង៣កុំ» របស់សម្តេចតេជោ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ និង​អាចជួយពន្លឿនដល់ការចាក់វ៉ាក់សាំងបានកាន់តែលឿន និងបានជ្រាបចូលក្នុង​ប្រជាពលរដ្ឋ និងក្មួយៗបានឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏​បានអំពាវនាវដល់ មាតាបិតា និងអាណាព្យាបាលទាំងអស់ត្រូវ​នាំកូន​ចៅ​មកចាក់​វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ ដោយវ៉ាក់សាំងទាំង​អស់នេះគឺ​បាន​ដោយការខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានស្វះស្វែងរកដើម្បីចាក់ជូនប្រជាពលរដ្ឋ យុវវ័យ និងក្មួយៗ​កុមារ​របស់យើងដោយឥតគិតថ្លៃ។

គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៏របស់រដ្ឋបាលស្រុកព្រៃនប់​បាន​អោយដឹងថា កុមារ និងយុវវ័យដែលមានអាយុចាប់ពី១២ឆ្នាំទៅដល់ក្រោម១៨ឆ្នាំ ដែលត្រូវទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទូទាំងស្រុកព្រៃនប់ មានចំនួនជាង ១៤០០០នាក់ និងមានមណ្ឌលចាក់វ៉ាក់សាំងចំនួន៤ទីតាំង រួមមានទីតាំង ឃុំ​អូរ​ឧកញ៉ាហេង ឃុំសំរ៉ុង ឃុំជើងគោ និងឃុំទឹកល្អក់ ហើយយុទ្ធ​នាការ​ចាក់​វ៉ាក់​សាំង​នេះ គ្រោងនឹងបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍។


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម