មន្ទីរកសិកម្ម បន្ដអនុវត្ដបច្ចេកទេសកសិកម្មថ្មីជូនកសិករ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩.!

ព័ត៌មានសង្គមថ្ងៃសុក្រ ទី09 ខែកក្កដា ឆ្នាំ2021 ម៉ោង 6:17 នាទី ល្ងាច


(ខេត្តព្រះសីហនុ)៖ ដើម្បីលើកទឹកចិត្តនិងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ពិសេសការជំរុញការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សហការជាមួយអាជ្ញធរមូលដ្ឋាន បន្តធ្វើការចែកជូននូវទុនសហវិនិយោគគាំទ្របណ្ដុំអាជីវកម្មចិញ្ចឹមមាន់ដល់បងប្អូនប្រជាកសិករចំនួន ៣ឃុំ គឺឃុំទួលទទឹង ឃុំព្រៃនប់ និងឃុំជើងគោ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ។

នៅក្នុងឱកាសនោះ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសសិប្បកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុវត្តដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីចែកទុនសហវិនិយោគជូនដល់បងប្អូនប្រជាកសិករ។ កម្មវិធីនេះ គឺមានគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យមានសន្ទុះអភិវឌ្ឍវិស័យកសិកម្មកាន់តែរីកចម្រើនឡើង ជាពិសេសការជំរុញ ការដាំដុះ ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងការកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូលដល់គ្រួសារកសិករ បង្កើតឱកាសការងារក្នុងវិស័យផលលិតកម្ម កសិកម្ម ក្នុងក្របខ័ណ្ឌបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ប្រើប្រាស់រយៈពេលខ្លីចំណាយដើមទុនតិចទទួលបានផលកម្រៃច្រើន ពិសេសរក្សាបានសន្តិភាពប្រក្រតី តាមជីវភាពគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

លោក បន្ដថា ក្នុងការអនុវត្តនូវកម្មវិធីសិក្សាបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅក្នុងឆ្នាំ២០២០ កន្លងមកនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានអនុវត្តសកម្មភាព ក្នុងស្រុកគោលដៅចំនួន ៣ស្រុក ដែលមាន ១៥ឃុំ និងបង្កើតបណ្ដុំអាជីវកម្មបានចំនួន ៩បណ្ដុំអាជីវកម្ម ស្មើនឹង ៤២៩គ្រួសារ ដែលមានស្ត្រីជាមេគ្រួសារចំនួន ១១២គ្រួសារ រួចមកហើយ ដែលរួមមាន៖ -បណ្ដុំអាជីវកម្មដំណាំបន្លែចំនួន ២បណ្ដុំ -បណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ២បណ្ដុំ -បណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៣បណ្ដុំ -បណ្ដុំអាជីវកម្មកែច្នៃបង្គាក្រៀចំនួន ១បណ្ដុំ -បណ្ដុំអាជីវកម្មកម្មបកសាច់ក្ដាមចំនួន ១បណ្ដុំ។ ក្នុងឆ្នាំ២០២១នេះ មន្ទីរកសិកម្ម បានបន្តអនុវត្តកម្មវិធីនេះក្នុងស្រុកគោលចំនួន ៣ស្រុក ដែលមាន ១៥ឃុំ ដោយបានបង្កើតបណ្ដុំអាជីវកម្មបានចំនួន ១៧បណ្ដុំអាជីវកម្មបន្ថែមទៀត ដែលស្មើនឹង ៨៤៥គ្រួសារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម