រដ្ឋបាលខេត្តព្រះសីហនុ បន្តដាក់ភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ជាតំបន់លឿងបន្ថែមទៀត

ព័ត៌មានសង្គមថ្ងៃអាទិត្យ ទី06 ខែមិថុនា ឆ្នាំ2021 ម៉ោង 3:48 នាទី ល្ងាច

ខេត្តព្រះសីហនុៈភូមិសាស្ត្រក្រុងព្រះសីហនុ និងស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ បន្ត​ដាក់​ជាតំបន់លឿងនិងការត្រៀមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩  ដើម្បីទប់ស្កាត់ការ​ឆ្លង​រាល​ដាលនៃជំងឺកូវីដ-១៩នេះបើយោងតាមកិច្ច​ប្រជុំ​គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​នា​ព្រឹក​ថ្ងៃអាទិត្យ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ​២០២១។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ថ្ងៃនេះយើង​ប្រ​ជុំ​ក្នុង​ក្របខណ្ឌគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងដាក់ចេញវិធានការរដ្ឋ​បាល​ក្នុងភូមិសាស្ត្រ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ កន្លងមក​ដោយ​សារ​ការខិតខំរបស់​ក្រុម​គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមានការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ ធ្វើឱ្យការ​បិទ​ខ្ទប់របស់យើងទទួលបានលទ្ធផលល្អប្រសើរ ដែលបង្ហាញ​ថា​វិធានការបិទខ្ទប់របស់យើង​ត្រឹម​ត្រូវ និងមានការចូលរួមពីប្រជាពលរដ្ឋបានពេញលេញ។ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួន ដែលរស់​នៅតំបន់​ទំនប់​រលក មិនបានចូលរួមអនុវត្តត្រឹមត្រូវតាម​វិធាន​សុខាភិបាល និងការណែនាំ ៣.ការពារ ៣.កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលឡើងវិញ។ ជាមួយគ្នានេះ ត្រូវបន្ត​ដាក់​ជា​តំបន់លឿងនូវ ក្រុងព្រះសីហនុ និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយបន្ថែម​វិធាន​ការ​យ៉ាងម៉ឺងម៉ាត់លើការផាកពិន័យ និងវិធានការច្បាប់ចំពោះបុគ្គលដែល​មិនអនុវត្ត​តាម​ការ​ណែនាំ។ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលបានអនុ​វត្ត​យុទ្ធសាស្ត្រផ្ការីកនៃការចាក់វ៉ាក់សាំងនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើ​ម្បីទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយសារតែរាជធានីភ្នំពេញជាចំណុចកណ្តាល ដែលឆ្លងកាត់មកពីបណ្តាខេត្តនានា និងជាចំណុចមានហានិភ័យខ្ពស់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​រៀបចំការចាក់​វ៉ាក់សាំង​ជូន​ប្រ​ជា​ពលរដ្ឋនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់មកខេត្តព្រះសីហនុ ក៏ជា​ខេត្ត​អទិភាពក្នុងការទទួលបានវ៉ាក់សាំង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម